កម្ពុជា នឹងចូលរួមការពាររបាយការណ៍ជាតិរបស់ខ្លួន ក្នុងសម័យប្រជុំលើកទី ១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាតិតាមប្រព័ន្ធវីដេអូ
តំណាងឱ្យ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នឹងដឹកនាំប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ប្រតិភូអន្តរក្រសួង រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួង យុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធ ការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិ នយោបាយ (ICCPR) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី ១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាតិ ដែលកម្ពុជាបានដាក់របាយការណ៍ជាតិ លើកទី៥ កាលពីខែមសា ឆ្នាំ២០១៩ កន្លងទៅនេះ។
ការការពាររបាយការណ៍ជាតិរបស់កម្ពុជានឹងប្រព្រឹត្តទៅក្នុងទម្រង់ Hybrid ដោយគណៈ ប្រតិភូកម្ពុជាចូលរួមតាមប្រព័ន្ធវីដេអូ និងតម្រូវឱ្យឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ នៅទីក្រុងហ្សឺណែវ មានវត្តមាននៅក្នុងសាលប្រជុំជាមួយសមាជិករបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាតិ។
ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គកាសហ ប្រជាជាតិ ដែលត្រូវធ្វើឡើងនៅរៀងរាល់ ៤ឆ្នាំម្តង សម្រាប់តាមដាននិងធ្វើឱ្យប្រសើរឡើងនូវ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ដែលជាសមាជិកអង្គការសហប្រជាជាតិ ៕ ដោយ ៖ គ្រី សម្បត្តិ