កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៧ គ្រោងនឹងប្រារព្ធធ្វើឡើងនៅខែសីហាខាងមុខនេះ
ភ្នំពេញ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ត្រូវបានរំពឹងយ៉ាងខ្លាំងថា នឹងវិលត្រឡប់មកជាថ្មីម្តងទៀតនៅក្នុងពិធីពិសារភោជនាហារពេលល្ងាចសម្រាប់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត ដែលគ្រោងប្រារព្ធធ្វើឡើងដោយមានការចូលរួមដោយផ្ទាល់ប្រកបដោយសុវត្ថិភាពនៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។
កញ្ញា កឹម ស៊ីថេន នាយិកាផ្នែកលក់នៃក្រុមហ៊ុនអឺបេនលែនបានឲ្យដឹងថា៖ “យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែងដែលបានទទួលនូវ ពានរង្វាន់ដល់ទៅ 7 សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន (Urbanland) យើងខ្ញុំគឺគម្រោង បុរីចន្ទគិរី។ ទស្សនៈវិស័យរបស់យើងខ្ញុំគឺចង់ធ្វើឲ្យជីវិតរស់នៅរបស់អ្នករស់នៅកាន់តែប្រសើរជាងមុនចាប់ផ្តើមពី ទីកន្លែងមួយ និង សហគមន៍មួយ ហើយយើងខ្ញុំក៏ប្ដេជ្ញាថានឹងចូលរួមលើកតម្កើងស្តង់ដារក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឲ្យកាន់ត ប្រសើរបន្តទៅទៀត ជាពិសេសផ្តោតទៅលើគុណភាព ភាពធន់ និងការរចនា ដែលមានស្តែងតាមគម្រោងនានាដែលយើងខ្ញុំបានអភិវឌ្ឍ និងរចនាកន្លងមក»។
ថ្លែងក្នុងនាមគណៈកម្មការឯករាជ្យ លោក សន សៀប ដែលជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)និងជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីពិភាក្សាតុមូលសារព័ត៌មាន ដែលដាក់សម្ពោធជាផ្លូវការនូវពានរង្វាន់វគ្គ edition ប្រចាំឆ្នាំ២០២២ នៅកម្ពុជា នាថ្ងៃទី ២៣ ខែកុម្ភៈបានចែករំលែកព័ត៌មានថ្មីៗអំពីទីផ្សារអចលនទ្រព្យក្នុងស្រុក ក៏ដូចជាកាលបរិច្ឆេទនៃការចូលរួមក្នុងកម្មវិធីពានរង្វាន់នេះពីសារធារណជន និងប្រភេទនៃពានរង្វាន់។
អ្នកស្រី គីម គិនកេសា ប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងទីប្រឹក្សា CBRE Cambodia និងជាសមាជិកដ៏មានកិត្យានុភាពនៃគណៈកម្មការឯករាជ្យនៃពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru បានមានប្រសាសន៍ថា អតិថិជនក្នុងស្រុកកំពុងក្លាយជាចំណែកដ៏ធំមួយរបស់អ្នកទិញនាពេលនេះ។
អ្វីដែលយើងកំពុងមើលឃើញ គឺថាកាលពីមុន អគារខុនដូមួយចំនួនគឺសម្រាប់តែអតិថិជនជាជនជាតិចិនប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះកំពុងតែមានការផ្លាស់ប្តូរការរចនាម៉ូត ឬលក្ខខណ្ឌនៃការប្រគល់ផ្ទះ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញចំពោះអ្នកទិញក្នុងស្រុកថែមទៀត។ អ្នកស្រីបន្តថា ដោយសារតែកត្តាសុទិដ្ឋិនិយមបែបនេះហើយ ទើបបានជំរុញឱ្យអ្នករៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ធ្វើការស្វែងរកអ្នកអភិវឌ្ឍ និងគម្រោងដែលល្អ និងរឹងមាំបំផុតនៅក្នុងព្រះរាជាណាចក្រ សម្រាប់វគ្គ edition ឆ្នាំ ២០២២ របស់កម្មវិធី។ ពានរង្វាន់បើកទទួលយកការប្រកួត រួមមានពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍ ការអភិវឌ្ឍ និងការឌីហ្សាញល្អបំផុត រួមជាមួយនឹងការទទួលស្គាល់ពិសេស។
គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងមានសិទ្ធិប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយស «ជ័យលាភីឆ្នើមបំផុតប្រចាំអាស៊ី» ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រផ្លូវការ PropertyGuru លើកទី ១៧ ដែលនឹងរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៩ ខែធ្នូ។ បេក្ខជនជាប់វគ្គប្រកួតផ្តាច់ព្រ័ត្រនឹងដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន Urbanland ដែលបានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍល្អបំផុតកាលពីឆ្នាំមុន នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៦ និងបានតំណាងឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ១៦ ទៅលើពានង្វាន់ចំនួនបួនប្រភេទ៕ ដោយ៖ គ្រី សម្បត្តិ