សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មឥណ្ឌា ជុំវិញ ការបញ្ជាទិញអាវុធពីរុស្ស៊ី
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមួយរូប បានប្រាប់សភាថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលលទ្ធភាព នៃការដាក់ទណ្ឌកម្មប្រទេសឥណ្ឌា ជុំវិញការបញ្ជាទិញអាវុធពីរុស្ស៊ី។
ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ី ខាងត្បូងលោក ដូណាល់ លូ (Donald Lu) បានប្រាប់ព្រឹទ្ធសភាថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងសម្លឹងមើលយ៉ាងជិត ដល់ថាតើត្រូវអនុវត្ត ឬលើកលែងទណ្ឌកម្មលើប្រទេសដែលទិញ គ្រឿង សព្វាវុធយោធារបស់រុស្ស៊ី។
គួរបញ្ជាក់ថា ថ្មីៗនេះ ឥណ្ឌាបានទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ដោយបានប្រព្រឹត្តខុសនឹងច្បាប់របស់សហរដ្ឋ អាមេរិកឆ្នាំ 2017 ដែលហៅថា Countering American Adversaries Through Sanctions Act (CAATSA) ដែលបាន អនុម័តជាការឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាមេរិក៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា