ប្រមុខការទូតរុស្ស៊ីព្រមានថា សង្គ្រាមលោកលើកទី ៣ នឹងក្លាយជា សង្គ្រាមនុយក្លេអ៊ែរដ៏សាហាវ

ម៉ូស្គូ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បានព្រមានថា ជម្លោះដ៏ធំបន្ទាប់ រវាងមហាអំណាចពិភពលោកនឹងពាក់ព័ន្ធ នឹង អាវុធនុយក្លេអ៊ែរ ហើយនឹងក្លាយជាមហន្តរាយសម្រាប់មនុស្សជាតិ។

ការព្រមានរបស់ប្រមុខការទូតកំពូលរុស្ស៊ីរូបនេះ កើតមានឡើងចំ ពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយលោកខាងលិច ជុំវិញការវាយប្រហារយោធារបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS កាលពីថ្ងៃពុធ សប្តាហ៍នេះ លោក សឺហ្គៃ ឡាវរូវ បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយសារព័ត៌មាន Al-Jazeera ថា សង្គ្រាម លោកលើកទី៣ (WWIII) នឹងក្លាយជាសង្គ្រាមនុយក្លេអ៊ែរ ដ៏សាហាវបំផុត។ លោកក៏បានអះអាងផងដែរថា ប្រសិនបើអ៊ុយក្រែន ទទួល បានអាវុធនុយក្លេអ៊ែរនោះ រុស្ស៊ីនឹងប្រឈមមុខនូវគ្រោះថ្នាក់ ពិតប្រាកដ។

ការអត្ថាធិប្បាយរបស់លោក ឡាវរូវ នេះដែរធ្វើឡើងបន្ទាប់ពី លោកបានពន្យល់នៅក្នុងសន្និសីទស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារថា នឹងមិនមានអ្នកឈ្នះនោះទេ ប្រសិន បើសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើង។ ទន្ទឹមគ្នា ប្រមុខការទូត កំពូលរុស្ស៊ីរូបនេះ ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកក្បាលគ្រាប់ ចេញពីអឺរ៉ុបផងដែរ ដោយលោកបានចោទប្រកាន់ទីក្រុងកៀវ ពីបទគំរាមរំលោភលើស្ថានភាពមិនមាននុយក្លេអ៊ែររបស់ខ្លួន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner