ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន បានយកការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាកត្តាចម្បង

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានយកការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាកត្តាចម្បង ដែលសក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះបីស្ថានការណ៍ នៃសង្រ្គាមកូវីដ-១៩នេះ មិនទាន់ចប់ក៏ពិតមែន ប៉ុន្តែយើងអាចគ្រប់គ្រងបញ្ហាដែលទាក់ទិននឹងជំងឺនេះ ដោយសម្តេចបានការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ដោយសារជំងឺរាតត្បាតសាកលនេះ តាមរយៈការកៀរគរស្រោចស្រពវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខ្មែរ និងបរទេសនៅទូទាំងផ្ទៃប្រទេស ដើម្បីធ្វើជាខែល និងជាអាវក្រោះដ៏រឹងមាំប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលយ៉ាងត្រចះត្រចង់។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា នៃគ្រឺះស្ថានសិក្សាចំនួន០៣ សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ទន្ទឹមនឹងនេះ កត្តាជោគជ័យក្នុងទិដ្ឋភាពមួយទៀត គឺស្តែងឡើងតាមរយៈការជឿទុកចិត្តមកលើសម្តេចតេជោនាយករដ្ឋមន្ត្រី ពីសំណាក់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់នៅពេញផ្ទៃប្រទេស ដោយម្នាក់ៗបានចូលរួមចាក់វ៉ាក់សាំងសម្រាប់ការពារខ្លួន ការពារក្រុមគ្រួសារ និងសហគមន៍បានគ្រប់ៗគ្នា។

ប្រសិនបើយើងក្រទ្បេកទៅមើលទង្វើរបស់អ្នកនយោបាយអគតិជ្រុលនិយមមួយចំនួនវិញ គឺពួកគេមិនបានធ្វើអ្វី ក្រៅតែពីការព្យាយាមឆក់យកឱកាសនេះបញ្ចុះបញ្ចូល បំភ្លៃការពិត និងធ្វើការឃោសនាអុចអាលរកលេសចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាពយ៉ាងងងឹតងងុល ដោយគ្មានសកម្មភាពណាមួយ ដែលជួយជាប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិឡើយ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរជាអាទិភាពដល់វិស័យអប់រំ និងការបណ្តុះធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីកសាងសាលារៀនទូទាំងប្រទេស ប្រយោជន៍ក្នុងការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក្នុងការក្រេបជញ្ជក់យកចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះដំណើរទៅមុខដែលកើតចេញពីការរួមគ្នាកសាងថ្នាលបណ្តុះបណ្តាលគ្រាប់ពូជនៃធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលគ្រាប់ពូជទាំងនេះ នឹងលូតលាស់ធំធាត់រីកដុះដាលសាយភាយទាំងក្នុង និងក្រៅប្រទេស និងសូមបន្តក្រើនរំឭកផងដែរដល់យុវជន-យុវនារីកម្ពុជាឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ និងជាគំរូវីរភាពពីមួយជំនាន់ទៅមួយជំនាន់។ ឯកឧត្តមសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបាននិងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវី-១៩ រហូតបានទទួលជោគជ័យគួរជាទីមោទនៈ៕
ដោយ៖ពលជ័យ

ads banner