ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកចិត្តទុកដាក់គិតគូរជាអាទិភាពដល់វិស័យអប់រំ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល តែងបានយកចិត្តទុកដាក់គិតគូរជាអាទិភាពដល់វិស័យអប់រំ និងការបណ្តុះធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីកសាងសាលារៀនទូទាំងប្រទេស ប្រយោជន៍ក្នុងការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក្នុងការក្រេបជញ្ជក់យកចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សានៃគ្រឺះស្ថានសិក្សាចំនួន០៣ សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះដំណើរទៅមុខដែលកើតចេញពីការរួមគ្នាកសាងថ្នាលបណ្តុះបណ្តាលគ្រាប់ពូជនៃធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលគ្រាប់ពូជទាំងនេះ នឹងលូតលាស់ធំធាត់រីកដុះដាលសាយភាយទាំងក្នុង និងក្រៅប្រទេស និងសូមបន្តក្រើនរំឭកផងដែរដល់យុវជន-យុវនារីកម្ពុជាឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ និងជាគំរូវីរភាពពីមួយជំនាន់ទៅមួយជំនាន់។

ឯកឧត្តមសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបាននិងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវី-១៩ រហូតបានទទួលជោគជ័យគួរជាទីមោទនៈ៕
ដោយ៖ពលជ័យ

ads banner