កាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ យកអំណោយចែកជូនពលរដ្ឋរងគ្រោះរស់នៅ៤សង្កាត់
ភ្នំពេញ៖ លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ រយៈពេល៤ថ្ងៃជាប់គ្នា គឺចាប់តាំងពីថ្ងៃទី១៨-១៩-២០-២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលចែកអំណោយជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ និងសង្កាត់ច្រាំងចំរេះទី២។
ជំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកស្រី អាន ផល្លា ជា ពិសី បានរំលឹកឡើងថា ទីណាមានពលរដ្ឋជួបរាល់ហានិភ័យផ្សេងៗ ទីនោះតែងតែគេសង្កេតឃើញ វត្តមានរបស់កាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ហើយចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះប៉ុណ្ណោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា៕ធ.ដ
ដោយ ហាស់ កំសាន្ដ