ឯកឧត្ដម រ័ត្ន វិរៈ ចែករំលែកបទពិសោធន៍ ដល់យុវជនដែលជាបេក្ខជនក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំក្រុមការងារយុវជន ឃុំតានៃស្រុកព្រៃនប់
ព្រះសីហនុ ៖ ឯកឧត្ដម រ័ត្ន វិរៈ បានចែករំលែកបទពិសោធន៍ ជាមួយយុវជនដែលជាបេក្ខជនក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំក្រុមការងារយុវជនតំណាងឱ្យសាខាបក្សភូមិសរុបចំនួន ១៣នាក់ ក្នុងគោលបំណងជំរុញនិងលើកទឹកចិត្តឱ្យយុវជនបង្កើនការយកចិត្តទុកដាក់ រួមសាមគ្គីគ្នា អនុវត្តការងារប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវ ចូលរួមឱ្យកាន់តែសកម្មថែមទៀតលើការងារនៅមូលដ្ឋាន ឃុំតានៃ ស្រុកព្រៃនប់ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ។
បន្ទាប់មក ឯកឧត្ដម រ័ត្ន វិរៈ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះមូលដ្ឋានស្រុកព្រៃនប់ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ដើម្បីស្វែងយល់ពីសក្តានុពល និងបញ្ហាប្រឈមនានា ដែលមានក្នុងមូលដ្ឋានផងដែរ ។
ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ និងបានក្រើនរំឭកផ្តាំផ្ញើប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចូលរួមសហការក្នុងការបង្កាទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង៣កុំ ។
ជាមួយគ្នានោះ ឯកឧត្ដម រ័ត្ន វិរៈ បានផ្តល់ថវិកាដល់ក្រុមការងារយុវជន និងជូនថវិកាដល់គ្រួសារដែលមានជីវភាពលំបាកខ្វះខាតមួយចំនួនផងដែរ ៕ ដោយ / គ្រី សម្បត្តិ