សិក្ខាសាលាផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក
បន្ទាយមានជ័យ៖ សិក្ខាសាលាផ្សព្វផ្សាយស្តីអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកដល់ សិក្សានុសិស្ស និងនិស្សិតនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១នៅសាលប្រជុំក្នុងមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានប្រព្រិត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងវត្តមានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជនកីឡាខេត្ត អ្នកពាក់ព័ន្ធ និងសិក្ខាកាមចំនួន២៤៩នាក់។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជនកីឡាខេត្តបន្ទាយមានជ័យលើកឡើងថា៖ សិក្ខាសាលាផ្តោតអារមណ៍ដល់សិក្ខាកាម លើការរីករាលដាលការប្រើប្រាស់គ្រឿងញៀនដែលមានប្រធានបទ៤ចំណុច ទី១ សភាពការណ៍សព្វថ្ងៃរបស់គ្រឿងញៀន ទី២ ផលប៉ះពាល់របស់គ្រឿងញៀន ទី៣ ការដាក់ទោសអ្នកប្រើប្រាស់គ្រឿងញៀន ទី៤ វិធានការទប់ស្កាត់ការធ្វើចរាចរណ៍របស់គ្រឿងញៀនពិសេសជាងនេះ គឺបញ្ហាការរីករាលដាលគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាគ្រឿងញៀនជាបញ្ហា កង្វល់របស់មនុស្សជាតិអ្នកប្រើប្រាស់គ្រឿងញៀនជះឥទ្ធិពលដល់ប្រព័ន្ធសរសៃប្រសាទយ៉ាងខ្លាំង ក្នុងនោះមានក្មេងទំនើងដែលបង្កភាពអសន្តិសុខ សណ្តាប់ សាធារណៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះបង្កឲ្យការបាត់បង់អាយុជីវិតប្រជាពលរដ្ឋកើនឡើងគួរឲ្យព្រួយបារម្ភ។
ឯកឧត្តម ស សុខា មានប្រសាសន៍ថាសព្វថ្ងៃនេះពួកឧក្រិដ្ឋជនជួញដូគ្រឿងញៀនកំពុងធ្វើសកម្មភាពបញ្ជ្រាបគ្រឿងញៀននៅតាម ឃុំ សង្កាត់ មូលដ្ឋាន នៅតាមសហគមន៍នៅតាមការស៊ីណូ កន្លែង ក្លឹប កំសាន្ត ផ្ទះសំណាក់សណ្ឋាគារ គ្គ្រឹះស្ថានពិសេសដល់ស្រទាប់យុវវ័យ សិស្សានុសិស្ស តាមសាលារៀន អនុវិទ្យាល័យ វិទ្យាល័យ សកលវិទ្យាល័យ រហូតដល់គ្រឹះស្ថានសិក្សា និងឧត្តមសិក្សាផងដែរ ។
ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ជាកង្វល់យ៉ាងខ្លាំងរបស់មនុស្សជាតិផងដែរតាមពិតការពាក់មួកសុវត្ថិភាពបើយើងពាក់មួកទាំងអស់គ្នាទាំងអ្នកបើក និងអ្នករួមដំណើរអាចការពារជីវិតអ្នកបានមួយចំនួនធំ គឺត្រូវតែមានមួកសុវត្ថិភាពផងដែរ បងប្អូនពេលចេញដំណើរត្រូវតែពាក់មួកសុវត្ថិភាពជានិច្ច។
ឯកឧត្តម ស សុខា បានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីបានរៀនសូត្រក្នុងសិក្ខាសាលានេះ ប្អូនៗជាសិក្ខាកាមពិតជាអាចនាំយកនូវ ចំណេះដឹងដើម្បីផ្សព្វផ្សាយបន្តដល់មិត្តភ័ក្រ និងអ្នកជិតខាងខ្លួន ឲ្យបានយល់ដឹងផលប៉ះពាល់ពីគ្រឿងញៀន និងគ្រោះថ្នាក់ចរារណ៍ បង្កើនធន់ធានមនុស្សដ៏ប្រសើរដើម្បីជួយអភិវឌ្ឍន៍ជាតិ៕ធ.ដ
ដោយ៖ឃិន គន្ធា