ក្រុមការងារចុះមូលដ្ឋានឃុំទឹកល្អក់ ចុះពិនិត្យ និងបើកការដ្ឋានសាងសង់ និងជួសជុលផ្លូវ ២ខ្សែ នៅក្នុងភូមិកំពង់ស្មាច់តូច និងភូមិព្រែកផ្អាវ ប្រវែងសរុប ៨៥០ម៉ែត្រ និងទទឹង ៥ម៉ែត្រ
ខេត្តព្រះសីហនុ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់ឯកឧត្តមសាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានឃុំទាំងអស់ក្នុងខេត្តព្រះសីហនុ ធ្វើការកសាង និងជួសជុលផ្លូវក្នុងឃុំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើចរាចរណ៍ទំនិញដែលចូលរួមបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមខៀវ បូរិន បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ ដោយមានការអញ្ជើញចូលរួមពីសប្បុរសជនរួមមានឯកឧត្តមហេង ហាក់ម៉ុង ឯកឧត្តម ឆាង ស៊ីវ៉ាន់ លោកដាំង ម៉េង លោកស្រីលីលី លោកឡាយ ពេជ្រឃាង (បឹងមាស) និងក្រុមហ៊ុនស៊ីណូហាយដ្រូ និងលោកតេង រិទ្ធី ចុះពិនិត្យ និងបើកការដ្ឋានសាងសង់ និងជួសជុលផ្លូវ ២ខ្សែ នៅក្នុងភូមិកំពង់ស្មាច់តូច និងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ដែលមានប្រវែងសរុប ៨៥០ម៉ែត្រ និងទទឹង ៥ម៉ែត្រ។
ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវទាំងពីរខ្សែ បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះការជួសជុលផ្លូវនេះ ដែលធ្វើឱ្យមានការងាយស្រួលក្នុងការធ្វើដំណើររបស់កូនចៅទៅសាលារៀន ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងការធ្វើដំណើរនៅក្នុងភូមិ ហើយប្រជាពលរដ្ឋនៅក្នុងឃុំទឹកល្អក់ និងបេក្ខភាពក្រុមប្រឹក្សាឃុំអណត្តិទី៥ សូមថ្លែងអំណរគុណជូនដល់ឯកឧត្តមសាយ សអាល់ និងសប្បុរសជនចំពោះសម៉ានចិត្តដ៏ថ្លៃថ្លានេះ៕