មហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់ពង្រឹងគុណភាពឆ្ពោះទៅ ស៊ីហ្គេម ២០២៣ និងពង្រីកចេរភាពបាល់ទាត់ទាំងមូល
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំមហាសន្និបាត លើកទី១៦ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដើម្បីពង្រឹងគុណភាពឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ក៏ដូចពង្រីកចេរភាពវិស័យកីឡាបាល់ទាត់ទាំងមូល។
ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងនូវចំណុចសំខាន់ជាច្រើន ដើម្បីជំរុញដល់ការពង្រឹង និងពង្រីកចេរភាពបាល់ទាត់កម្ពុជា សម្រាប់គោលដៅស៊ីហ្គេម ឆ្នាំ២០២៣ និងដំណើរអភិវឌ្ឍបាល់ទាត់កម្ពុជាទាំងមូលឆ្ពោះទៅថ្ងៃអនាគតបន្ថែមទៀត។ ឆ្នាំ២០២២ អាចចាត់ទុកថាជាដំណាក់កាលពង្រឹងគុណភាពគ្រប់ផ្នែកនៅក្នុងវិស័យបាល់ទាត់កម្ពុជា ពិសេសកីឡាករដែលមានអាយុប្រកួតនៅស៊ីហ្គេមឆ្នាំ២០២៣ ដូច្នេះមុខព្រួញសំខាន់ៗទាក់ទងដោយផ្ទាល់ជាមួយមូលដ្ឋានកសាងគុណភាពកីឡាករ ដូចជា ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ គុណភាពគ្រូបង្ហាត់ និងការដឹកនាំគ្រប់គ្រង ការផ្ដល់បរិយាកាសល្អប្រសើរសម្រាប់ជីវភាពរស់នៅ និងការសិក្សាត្រូវបានកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ទោះបីជាបំណងប្រាថ្នារបស់កម្ពុជាទាំងមូល នៅក្នុងគោលដៅ ស៊ីហ្គេ ឆ្នាំ២០២៣យ៉ាងណាក្តី ក៏សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅតែផ្ដោតការយកចិត្តទុកដាក់ដោយកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍន៍បាល់ទាត់ឲ្យមានចេរភាពផងដែរ។
ឯកឧត្តមអនុប្រធានបានសំណូមពរឲ្យមហាគ្រួសារបាល់ទាត់កម្ពុជា ដូចជាក្លិប សមាគមរាជធានីខេត្ត កីឡាករ គ្រូបង្ហាត់ អាជ្ញាកណ្ដាល មន្ត្រីជំនាញពាក់ព័ន្ធនានាត្រូវមានសាមគ្គីភាព យោគយល់គ្នា ការលះបង់ ប្រកបដោយជំហររឹងមាំផ្អែកលើគោលការណ៍ជាតិជាធំ ចំពោះការអនុវត្តភារកិច្ចរៀងៗខ្លួន ក្នុងតួនាតីជាភ្នាក់ងារអភិវឌ្ឍន៍ ដើម្បីគោលដៅតែមួយឆ្ពោះទៅដណ្តើមភាពជោគជ័យ របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
គួរបញ្ជាក់ថា មហាសន្និតបាត លើកទី១៦នេះ សហព័ន្ធបានរៀបចំបោះឆ្នោតប្រធាន អនុប្រធាន និងគណៈកម្មាធិការប្រតិបត្តិមួយចំនួនទៀត ដែលបញ្ចប់អាណត្តិ ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប់ឆ្នោតជាប្រធានសហព័ន្ធ និងឯកឧត្តម ខៀវ សាម៉េត ជាប់ឆ្នោតជាអនុប្រធានសហព័ន្ធអាណត្តិថ្មី៕
ចាន់ វិចិត្រ