លោកអភិបាលរងខេត្តបាត់ដំបង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មី១ខ្នង៤បន្ទប់ និងបង្គន់អនាម័យ១ខ្នង ជាអំណោយ របស់សប្បុរសជនតាមរយៈអង្គការសម្រេចសុបិនកុមារកម្ពុជា នៅស្រុកថ្មគោល
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ឲ្យសិក្សា និងពិនិត្យលទ្ធភាការងារក្នុងការពង្រីកអាគារសិក្សានៅ ក្នុងសាលាបឋមសិក្សាព្រះពន្លា ដែលសម្ពោធនេះឲ្យមានអាគារសិក្សាឆ្លើយតបពីចំនួន និងកំណើនសិស្សជាក់លាក់នៅទីនេះ និងគួរតែរៀបចំឲ្យសាលាបឋមសិក្សាមួយនេះ ទៅជាកម្រិតអនុវិទ្យាល័យដើម្បីជួយសម្រាលដល់ការ សិក្សារបស់ក្មួយៗ និងការលំបាករបស់មាតា-បិតាសិស្ស នៅទីនេះ។
ជាមួយគ្នានេះ និងតាមរយៈអង្គការដៃគូនៅទីនេះសូមអំពាវនាវដល់សប្បុរសជនបរទេសតាមរយៈម្ចាស់ជំនួយផ្ទាល់។ពិសេសតាមរយៈលោក ឃ្លោក យ៉ែម ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជាផ្ទាល់បន្តពិនិត្យលទ្ធភាព និងជួយស្វែងរកមូលនីធិពីដៃគូមិត្តភ័ក្ត្រនៅប្រទេសក្រៅ ដើម្បីជួយកសាងនូវអាគារសិក្សាថ្មីៗបន្ថែមទៀតនៅក្នុងសាលានេះ និងកន្លែងផ្សេងទៀតក្នុងខេត្ត។
ការថ្លែងបែបនេះគឺនៅក្នុងឱកាសដែលលោកអភិបាលរងខេត្តបាត់ដំបងអញ្ជើញជាអធិបតីសម្ពោធនូវអាគារសិក្សាមួយខ្នង ស្មើនិង០៤បន្ទប់ និងបន្ទប់អនាម័យព្រមទាំងបំពាក់នូវគ្រឿងសង្ហារឹម និងសម្ភារសិក្សាមួយចំនួនក្នុងសាលាបឋមសិក្សា”ភូមិព្រះពន្លា” ស្ថិតក្នុងភូមិព្រះពន្លា ឃុំរូងជ្រៃ នៃស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីពេលថ្មីៗ កន្លងទៅនេះ។
តាមរយៈសមិទ្ធផលដែលដាក់សម្ពោធនេះត្រូវបានម្ចាស់មូលនីធិ ម្ចាស់អំណោយផ្ទាល់ សំដែងនូវទឹកចិត្តមនុស្សធម៌ ដ៏ថ្លៃថ្លា ក្នុងពិធីដាក់ឲ្យប្រើប្រាស់ នូវអាគារសិក្សាថ្មីមួយខ្នងនេះ។ ដោយក្នុងនោះម្ចាស់អំណោយ បានសំណូមពរដល់ថ្នាក់ដឹកនាំសាលា អាជ្ញាធរពាក់ព័ន្ធ ឲ្យជួយថែរក្សាសមិទ្ធផលទាំងនេះ ឲ្យគង់វង្សយូរអង្វែង និងសំណូមពរដោយទទូចសុំឲ្យមាតាបិតា និង អាណាព្យាបាលសិស្ស នៅទីនេះបន្តជំរុញឲ្យកូនចៅឲ្យបានចូលរៀន និងជួយតាមដានការសិក្សារបស់កូនៗ និងប្អូនៗដែលមករៀនទីនេះឲ្យបានជាប់ជាប្រចាំ។
ដោយឡែកក្មួយៗជាសិស្សនៅទីនេះត្រូវខិតខំរៀនសូត្រឲ្យក្លាយជាសិស្សពូកែ ជាទំពាំងស្នងឫស្សី ជាធនធានមនុស្ស សម្រាប់ថ្ងៃអនាគតរបស់ខ្លួន។ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែងក្នុងឱកាសសម្ពោធអាគារសិក្សាថ្មី ភូមិព្រះពន្លា ក្នុងឃុំរូងជ្រៃ ស្រុកថ្មគោលថា សមិទ្ធផលអាគារសិក្សានេះ គឺពិតជាបម្រើសេចក្តីត្រូវការ ក្នុងវិស័យអប់រំ និងពីតម្រូវការចាំបាច់ដល់ការសិក្សារបស់កូនក្មួយៗទាំងអស់នៅទីនេះ ក្នុងការសិក្សាសមតាមបំណងប្រាថ្នា និងការទទូចចង់
បានរបស់ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងសាលានៅទីនេះហើយក៏ជាការឆ្លើយតបបានទាន់ពេលវេលា ស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជារបសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ វិស័យអប់រំសំដៅដល់ការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។
លោកអភិបាលរងខេត្តបាត់ដំបង ក៏បានសំណូមពរ និងអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំង អស់ដែលមានកូនគ្រប់អាយុចូលរៀនត្រូវជំរុញកូនឲ្យបានចូលសិក្សារៀនគ្រប់ៗគ្នានិងត្រូវរួមគ្នាថែ
រក្សាសមិទ្ធផលទាំងនេះឲ្យបានគង់វង្ស។ ជាមួយគ្នានេះផងដែរ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែង
អំណរគុណចំពោះសប្បុរសជនទាំងអស់ តាមរយៈនៃអង្គការ សម្រេចសុបិនកុមារ និងដៃគូអភិវឌ្ឍន៍ក្នុងខេត្ត បន្តជួយដល់ខេត្តបាត់ដំបងបន្ថែមលើវិស័យដ៏ទៃទៀតដើម្បីការអភិវឌ្ឍនិងការរីកចម្រើនក្នុងខេត្ត៕ធ.ដ
ដោយ៖ អ៊ុក សំអាន