អាមេ៉រិកនៅតែបង្ហាញពីគោលបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសក្តានុពលមួយចំនួន នៅក្នុងខេត្តបាត់ដំបង
នៅក្នុងកិច្ចជំនួប ជាមួយលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត កាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ៉រិកប្រចាំកម្ពុជា បានចាប់អារម្មណ៍ពី
សក្តានុពលរបស់ខេត្តបាត់ដំបង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងទាំងហេដ្ឋារចនា សម្ព័ន្ធរូបវន្ត និងទាំងសក្ដានុពលលើវិស័យកសិកម្ម ពិសេសដំណាំកសិ-ឧស្សាហកម្មនៅក្នុងខេត្តខ្លួន។
ហើយកន្លងមកនេះ វិស័យឯកជនរបស់សហរដ្ឋអាមេ៉រិក បាននិងកំពុងតែផ្ដល់នូវប្រាក់កម្ចីតាម រយៈសេវាកម្មធនាគារឯកជនអាមេ៉រិក ជួយដល់ក្រុមហ៊ុនមួយចំនួននៅកម្ពុជា ក្នុងការវិនិយោគទៅលើការសាងសង់រោងចក្រកិនស្រូវ ឃ្លាំងស្ដុក និងឡសម្ងួតស្រូវជាដើម…។
តាមរយៈនៃជំនួបនេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងលើកឡើងថា៖ ដោយយោងតាមអនុសាសន៍ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវកិច្ចសហប្រតិបត្តិការល្អ គ្រប់បណ្តាប្រទេសនៅលើសកលលោក ហើយក្នុងនាមអាជ្ញាធរខេត្តបាត់ដំបង គឺនៅបន្តការពង្រឹងនូវកិច្ចសហប្រតិបត្តិ និងទំនាក់ទំនងល្អ ជាមួយអាមេ៉រិក។ ជាពិសេសលើវិស័យកសិកម្ម ពាណិជ្ជកម្ម និងការរៀបចំទីក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ តាមរយៈការផ្តល់នូវបទពិសោធន៍
និងពីផ្នែកជំនាញបច្ចេកទេសជាដើម។ និងពិនិត្យលើវិស័យដទៃទៀតដើម្បីជួយដល់ការអភិវឌ្ឍក្នុង
ខេត្ត។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានស្នើដល់ភាគីអាមេ៉រិក ឲ្យជួយបណ្ដុះបណ្ដាល និងផ្ដល់ជាបច្ចេកទេស បច្ចេកវីទ្យាដល់កសិករនៅក្នុងខេត្តបាត់ដំបង ក្នុងការដាំដុះនូវដំណាំសរីរាង្គឲ្យបានកាន់តែច្រើន មិនថាតែខេត្តបាត់ដំបង គឺក្នុងក្រប
ខណ្ឌទូទាំងប្រទេសក្នុងការដំណាំដុះនូវបន្លែសរីរាង្គនេះ។ លោកអភិបាលរងខេត្ត ក៏បានស្នើអាមេ៉រិក ឲ្យពិនិត្យពីលទ្ធភាព ក្នុងការផ្ដល់នូវបទពិសោធន៍ ក្នុងការជួយរៀបចំទីក្រុងឆ្លាតវៃ នៅក្នុងក្រុងបាត់ដំបង ផងដែរ ។
ជាការឆ្លើយតបនៅក្នុងកិច្ចជំនួបនេះ ឯកឧត្តម W. Patrick Murphy បានសន្យានឹងលើកយកចំណុចទាំងអស់នេះយកទៅពិចារណាក្នុងការជួយអភិវឌ្ឍន៍ ដល់វិស័យទាំងអស់នេះ នៅក្នុងខេត្តបាត់ដំបង ដើម្បីជួយដល់ប្រជាពលរដ្ឋ ទាំងទីប្រជុំជន និងនៅតាមទីជនបទ។
ឯកឧត្តមអគ្គរដ្ឋទូត ក៏បានបង្ហាញពីឆន្ទៈនិងពីជំហ៊រ របស់ខ្លួនថា៖ អាមេ៉រិកនៅតែបន្តនូវការពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយខេត្តបាត់ដំបង ដើម្បីជួយឲ្យវិស័យកសិកម្មក្នុងខេត្ត កាន់តែប្រសើរឡើង ។ក្រៅពីនេះអាមេ៉រិក ក៏ចង់ពង្រឹង នូវកិច្ចសហប្រតិបត្តិការថែមទៀត ក្នុងវិស័យអប់រំសិក្សារបស់ខេត្តតាមរយៈនៃការដោះដូរ
សិស្សានុសិស្ស និងនិស្សិត រវាង ប្រទេសទាំងពីរ ក្នុងការធ្វើកម្មសិក្សា ទៅវិញ-ទៅមក ផងដែរ៕ធ.ដ
ដោយ៖ អ៊ុក សំអាន