បិទបញ្ចប់ការចុះបញ្ជី៖ មានគណបក្សចំនួន៥ ដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្រើនជាងគេ
ភ្នំពេញ៖ ការចុះបញ្ជីនៃគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៤-០៦ ខែមីនា ឆ្នាំ២០២២ បានបិទបញ្ចប់ហើយ។ គណ:កម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះ សរុបចំនួន១៧គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន៨២.៧៨៦រូប ក្នុងនោះស្រីចំនួន២៥.៩៦៣រូប។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងប្រាប់ AMS នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ។
គ.ជ.ប បានបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះសរុបចំនួន១៧ គឺមានគណបក្សនយោបាយចំនួន៥ ដែលបានដាក់បេក្ខជនឈរឈ្មោះច្រើនជាងគេ មានដូចជា៖
១.គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនទាំង ២៥/២៥ រាជធានី ខេត្ត នៅឃុំ សង្កាត់ ១.៦៥២/១.៦៥២ បេក្ខជនសរុប ២៨.០៣១រូប (ស្រី៧.២៧០រូប)។
២.គណបក្សភ្លើងទៀន ដាក់បេក្ខជនទាំង ២៥/២៥ រាជធានី ខេត្ត នៅឃុំ សង្កាត់ ១.៦៣២/១.៦៥២ បេក្ខជនសរុប ២៣.៣៦៧រូប (ស្រី៥.៣២០រូប)។
៣.គណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខជនទាំង ២៥/២៥ រាជធានី ខេត្ត នៅឃុំ សង្កាត់ ៦៨៨/១.៦៥២ បេក្ខជនសរុប ៩.០៥៥រូប (ស្រី៣.៤០៦រូប)។
៤.គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនទាំង ២៥/២៥ រាជធានី ខេត្ត នៅឃុំសង្កាត់ ៦១៧ /១.៦៥២ បេក្ខជនសរុប ៨.០៧៨រូប (ស្រី៣.៥៣៥រូប)។
៥.គណបក្សខ្មែរស្រឡាញ់ជាតិ ដាក់បេក្ខជនទាំង ១៨/២៥ រាជធានី ខេត្ត នៅឃុំ សង្កាត់ ៣២៩/១.៦៥២ បេក្ខជនសរុប ៤.៥២០រូប (ស្រី១.៨៣៣រូប)៕
ដោយ៖ពលជ័យ