រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ កសាងនៅសួនច្បារមាត់ទន្លេខេត្តកំពង់ចាម ជិតរួចរាល់ហើយ

ខេត្តកំពង់ចាម ៖ រសៀលថ្ងៃអាទិត្យទី៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការកសាងរូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” ដែលកសាងឡើងអំពីថ្មភក់ មានទំងន់ជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំង គិតមកដល់ពេលនេះសម្រេចបានជាង ៧០ភាគរយ ហើយរដ្ឋបាលខេត្តគ្រោងនឹងយកមកតំកល់នៅលើទឹកដីដ៏វិសិដ្ឋនាសួនច្បារមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម នាឆាប់ៗខាងមុខ ។

តាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន ។

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌ ៕ ដោយ ៖ លីពៅ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner