ធនាគារហ្វីលីព ប្រកាសបើកសាខាថ្មី តំណាងឲ្យ «សាខាគំរូ» បន្ទាប់ពីច្របាច់បញ្ចូលជាមួយ ក្រេឌីត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ធនាគារហ្វីលីព (PhillipBank) បើកសម្ពោធដាក់ឲ្យដំណើរការសាខាថ្មីមួយ មានទីតំាងស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ ដែលសាខាថ្មីនេះត្រូវបានរចនាដ៏ពិសេស និងដើរតួនាទីជាសាខាគំរូមួយ សម្រាប់រាល់សាខាទាំង៨៩កន្លែងរបស់ខ្លួននៅទូទាំងប្រទេស ក្រោយពីធនាគារនេះ បំពេញការច្របាច់បញ្ចូលជាផ្លូវការតាមការគ្រោងទុកជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រេឌីត (Kredit) ។

ថ្លែងនាឱកាសបើកសម្ពោធសាខាថ្មីនេះ លោក លីម ហួមីន អគ្គនាយកក្រុមហ៊ុនហ្វីលីព មានប្រសាសន៍ថាសាខាគំរូរបស់យើង ដែលស្ថិតលើផ្លូវកម្ពុជាក្រោមនេះ បានបង្ហាញពីបំណងប្រាថ្នារបស់យើងឆ្ពោះទៅកាន់វិថីថ្មីក្នុងវិស័យធនាគារ ពោលគឺចាប់ពីរូបរាងដែលមានការកែប្រែថ្មី និងទាន់សម័យ រហូតដល់មុខងារថ្មីៗជាច្រើន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់នូវបទពិសោធដល់អតិថិជនបន្ថែមទៀត ដូចជាសេវាអទិភាព (Phillip Priority) និងសេវាបម្រើអតិថិជន ដែលត្រូវបានគាំទ្រដោយប្រព័ន្ធធនាគារស្នូលថ្មីមួយ និង ស្មារតីយកចិត្តទុកដាក់ខ្ពស់របស់បុគ្គលិកតាមសាខា ។

លោកអគ្គនាយកបន្តថា បច្ចុប្បន្ន PhillipBank មានសាខាចំនួន៦កន្លែងនៅរាជធានីភ្នំពេញ ស្របពេលដែលស្ថាប័ន ក្រេឌីត មាន៨៣សាខានៅទូទាំងប្រទេសកម្ពុជា លោកថា ការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានទាំង២ នឹងធ្វើឲ្យ PhillipBank ក្លាយជាធនាគារដែលមានសាខាច្រើនជាងគេបំផុតទី៣នៅកម្ពុជា ដែលបម្រើជូននូវរាល់សេវាធនាគារពាណិជ្ជទាំងអស់ទៅកាន់អតិថិជននៅទូទាំងប្រទេស ។

លោកអគ្គនាយកបន្ថែមថា គ្រឹះស្ថានឯកជនដែលត្រូវបានច្របាច់បញ្ចូលគ្នាថ្មីនេះ ដែលនឹងប្រតិបត្តិក្រោមការប្រើប្រាស់ឈ្មោះធនាគារហ្វីលីព (PhillipBank) នឹងជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយក្នុងតំបន់ ដោយមានទីតាំងច្រើនជាង១៦ប្រទេស និង ទ្រព្យសម្បត្តិក្នុងទឹកប្រាក់ច្រើនជាង៣៥ពាន់លានដុល្លារអាមេ៉រិក ក្រោមការគ្រប់គ្រងរបស់ខ្លួន ។

លោក Andrew Liew អគ្គនាយករងទទួលបន្ទុកផ្នែកធនាគារបុគ្គល នៃធនាគារហ្វីលីពបានបញ្ជាក់ថា ការរីកចម្រើនក្នុងអាជីវកម្មនៅឯសាខាគំរូថ្មីនេះ បើគិតចាប់តាំងពីការបើកឲ្យដំណើរការសាកល្បងជាលើកដំបូង ពិតជាផ្តល់លទ្ធផលដ៏គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះត្រូវបានរំពឹងទុកថា នឹងបន្តកើនឡើងឥតឈប់ឈរ បន្ទាប់ពីការបើកសម្ពោធសាខាថ្មីនេះជាផ្លូវការនៅថ្ងៃនេះ ។

ជាមួយគ្នានេះ ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចំាកម្ពុជាបានថ្លែងថា ទំនាក់ទំនងរវាងសិង្ហបុរី-កម្ពុជា មិនត្រឹមតែផ្តោតលើពាណិជ្ជ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ គឺសហគមន៍សិង្ហបុរីនៅទីនេះ ក៏ផ្តោតជាសំខាន់លើទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមបញ្ជាក់ទៀតថា PhillipBank មានការប្តេជ្ញាចិត្តក្នុងការជួយដល់សហគមន៍កម្ពុជា ជាមួយនឹងគំនិតផ្តួចផ្តើមលើកម្មវិធីទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ លើវិស័យពិការភាព និងសិល្បៈ ការអប់រំ និងសហគមន៍ការងារនៅតាមខេត្ត ហើយឯកឧត្តមជឿជាក់ថា ទំនាក់ទំនងដ៏ជិតស្និទ្ធ និង រឹងមាំរវាងសិង្ហបុរី និងកម្ពុជាក្នុងគ្រប់កម្រិត និងគ្រប់វិស័យទាំងអស់ នឹងបង្កើតឲ្យមានលទ្ធផលដ៏ល្អដល់អនាគតរបស់ប្រទេសទាំងពីរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner