ប្រមុខការទូតកំពូលអាមេរិក-ចិនធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទផ្តោតលើវិបត្តិអ៊ុយក្រែន និងតៃវ៉ាន់
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បានពិភាក្សាជាមួយសមភាគីចិនលោក វ៉ាង យី តាមទូរស័ព្ទនៅថ្ងៃសៅរ៍សប្តាហ៍មុននេះ អំពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងគោលនយោបាយតៃវ៉ាន់របស់ចិន។
ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទខាងលើនេះ លោក វ៉ាង បានជំរុញឱ្យសមភាគីអាមេរិក មិនត្រឹមតែផ្តោតលើការដោះស្រាយវិបត្តិភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាស្ថិរភាពសម្រាប់រយៈពេលយូរនៅក្នុងតំបន់ ហើយថែមទាំងបង្ហាញជំនឿជឿជាក់របស់ចិនថា ជម្លោះអ៊ុយក្រែនគួរតែត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។
លើសពីនេះ លោក វ៉ាង បានប្រាប់លោក ប្លីងគែន ថា សហរដ្ឋអាមេរិក អង្គការណាតូ និងសហភាពអឺរ៉ុប គួរតែចូលរួមក្នុង “ការសន្ទនាស្មើភាព” ជាមួយរុស្ស៊ី ហើយយកចិត្តទុកដាក់ចំពោះផលប៉ះពាល់អវិជ្ជមាន នៃការបន្តពង្រីកខ្លួនទៅទិសខាងកើតជាបន្តបន្ទាប់របស់ណាតូ និងបញ្ហាសន្តិសុខរបស់ប្រទេសរុស្ស៊ី។
ជុំវិញប្រធានបទកោះតៃវ៉ាន់ លោក វ៉ាង បានរំលឹកឡើងវិញថា តៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន ហើយថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន មុនពេលណែនាំសហរដ្ឋអាមេរិកឱ្យបញ្ឈប់ការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងឯករាជ្យរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកក្នុងបញ្ហានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា លោក ប្លីងគែន បាននិយាយដូច្នេះថា ពិភពលោកកំពុងធ្វើសកម្មភាពដោយឯកច្ឆន្ទ ដើម្បីបដិសេធ និងឆ្លើយតបចំពោះការឈ្លានពានរបស់រុស្ស៊ី ដោយធានាថា ទីក្រុងម៉ូស្គូនឹងត្រូវសងក្នុងតម្លៃដ៏ខ្ពស់។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍មិនបាននិយាយអំពីការពិភាក្សារបស់លោក ប្លីងគែន និងលោក វ៉ាង អំពីបញ្ហាកោះតៃវ៉ាន់នោះទេ ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា