ក្រុមចរចាអ៊ុយក្រែន៖ ទីក្រុងកៀវ និងទីក្រុងម៉ូស្គូគ្រោងរៀបចំកិច្ចចរចាជុំទីបី នៅថ្ងៃចន្ទនេះ
កៀវ៖ សមាជិកនៃគណៈប្រតិភូអ៊ុយក្រែនលោក David Arakhamia បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា អ៊ុយក្រែន-រុស្ស៊ីនឹងធ្វើកិច្ចចរចាសន្តិភាពជុំបន្ទាប់ទៀតនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។ លោក Arakhamia បានបង្ហោះសារនៅលើ Facebook ថា កិច្ចពិភាក្សាជុំទីបីនឹងធ្វើឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចចរចាជុំទីបីរវាងអ៊ុយក្រែន-រុស្ស៊ីនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ កាលពីថ្ងៃសុក្រថា រុស្ស៊ីបើកទូលាយក្នុងការសន្ទនាជាមួយអ៊ុយក្រែន។ លោកសង្ឃឹមថា ទីក្រុងកៀវនឹងប្រកាន់យកជំហរសមហេតុផល និងស្ថាបនា ក្នុងអំឡុងកិច្ចចរចាជុំទី៣ រវាងរុស្ស៊ី និងអ៊ុយក្រែន។
គួរបញ្ជាក់ផងដែរថា មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន និងរុស្ស៊ីបានធ្វើកិច្ចចរចាចំនួនពីរលើករួចមកហើយ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា