វិបត្តិអ៊ុយក្រែន ៖ អ្នកស្ម័គ្រចិត្តបរទេសប្រមាណ ២០,០០០នាក់ធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងរុស្ស៊ី
កៀវ ៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយនៅថ្ងៃអាទិត្យថា អ្នកស្ម័គ្រចិត្តអន្តរជាតិប្រហែល ២០,០០០នាក់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានប្រាប់ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកថា ចំនួននេះគឺប្រហែល ២០,០០០នាក់ ឥឡូវនេះ… ពួកគេមកពីប្រទេសជាច្រើន ភាគច្រើននៅអឺរ៉ុប។
លោកបន្តថា មនុស្សជាច្រើននៅលើពិភពលោកស្អប់រុស្ស៊ី និងអ្វីដែលទីក្រុងម៉ូស្គូកំពុងធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានប្រឆាំងដោយបើកចំហ និងប្រឆាំងនឹងពួកគេទេ។ ដូច្នេះនៅពេលដែលប្រជាជនបានឃើញថា អ៊ុយក្រែនកំពុងប្រយុទ្ធ ហើយប្រជាជនអ៊ុយក្រែនមិនចុះចាញ់នោះ មនុស្សជាច្រើនមានអារម្មណ៍ថា មានការលើកទឹកចិត្តដើម្បីចូលរួមក្នុងការប្រយុទ្ធ និងនាំរុស្ស៊ីឱ្យទទួលខុសត្រូវចំពោះការឈ្លានពានរបស់ខ្លួន។
ប្រមុខការទូតអ៊ុយក្រែនរូបនេះបន្ថែមថា វាពិតជាមានសារៈសំខាន់បំផុតក្នុងការទទួលបានការគាំទ្រប្រកបដោយចីរភាព នយោបាយ សេដ្ឋកិច្ច និងយោធា ពីជុំវិញពិភពលោក ហើយថា យើងត្រូវការភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងសមយុទ្ធនេះ ដោយផ្តោតជាពិសេសលើការការពារដែនអាកាស៕ ប្រភព៖ South China Morning Post ដោយ៖ ឈឹម ទីណា