បេក្ខជនជាងប្រាំបីម៉ឺននាក់ ត្រូវបានចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលបណ្ដោះអាសន្នរយៈពេលបីថ្ងៃ នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ សម្រាប់ថ្ងៃបញ្ចប់នៃការចុះឈ្មោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថាការដាក់ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅតាមបណ្ដាគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានបញ្ចប់ហើយ ដោយមានគណបក្សនយោបាយចំនួន១៧ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន។ របាយការណ៍បណ្ដោះអាសន្នថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ គិតត្រឹមវេលាម៉ោង ៥:៣០ នាទីល្ងាច បានឱ្យដឹងថាគណបក្សនយោយបាយទាំង១៧ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនសរុបចំនួន ៨២.៧៨៦ រូប ក្នុងនោះស្ត្រីសរុបចំនួន ២៥.៩៦៣ រូប។
គ.ជ.ប បានបញ្ជាក់ទៀតថា សូមជម្រាបជូនថា បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គឃ.សប ត្រូវធ្វើការពិនិត្យលើភាពត្រឹមត្រូវនៃពាក្យសុំចុះបញ្ជីបេក្ខជនទាំងនោះក្នុងរយៈពេលមួយថ្ងៃ។ បន្ទាប់មក គឃ.សប ត្រូវបិទផ្សាយជាសាធារណៈនូវបញ្ជីបេក្ខជន ដែលបានពិនិត្យរួចហើយនោះ នៅទីស្នាក់ការរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ៣ថ្ងៃ។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិផ្តល់ មតិយោបល់ចំពោះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានបិទផ្សាយខាងលើមក គឃ.សប ដើម្បីជាព័ត៌មានសម្រាប់ជាមូលដ្ឋានពិចារណាមុនពេលសម្រេចយល់ព្រម ឬបដិសេធការសុំចុះបញ្ជីបេក្ខជន។ គឃ.សប ត្រូវសម្រេចយល់ព្រម ឬបដិសេធលើពាក្យសុំនោះ ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ បន្ទាប់ពីបានទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ៕
ដោយ៖ពលជ័យ