ចិនថ្កោលទោសយ៉ាងខ្លំាង ក្រោយព្រឹទ្ធសភាសហរដ្ឋអាមេ៉រិកអនុម័តសំណើច្បាប់ការពារសិទ្ធប្រជាជនហុងកុង
ចិន៖ មួយថ្ងៃក្រោយសំណើច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហុងកុង ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេ៉រិកនោះ រដ្ឋាភិបាលទីក្រុងប៉េកាំង តាមរយៈក្រសួងការបរទេសរបស់ខ្លួនបានគំរាមជាថ្មីថា នឹងចាត់វិធានការវាយបក ប្រសិន បើវាក្លាយជាច្បាប់ ប៉ុន្តែចិនក៏អំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការជ្រែតជ្រៀកក្នុងកិច្ចការផ្ទៃក្នុងទីក្រុងហុងកុងផងដែរ ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទង្វើនេះ ធ្វើឡើងដោយមិនខ្វល់ពីការពិត ហើយអនុវត្តបទដ្ឋានពីរជាន់ ។ លោកសង្កត់ធ្ងន់ថា វាគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ដូច្នេះចិនថ្កោលទោស និង ប្រឆាំងយ៉ាងដាច់ណាត់ចំពោះរឿងនេះ ។
សូមបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ ព្រឹទ្ធសភាអាមេ៉រិកបានបោះឆ្នោតអនុម័តជាឯកច្ឆ័នលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅការពារសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ក្រោយមានការព្រួយបារម្ភថា ប្រទេសចិនអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ចប់វិបត្តិនៅក្នុងក្រុងនេះ ។ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេ៉រិក មុននឹងបញ្ជូនឱ្យប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ធ្វើការពិចារណា និងចុះហត្ថលេខា ៕ធ.ដ