មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ
កំពង់ធំ ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងពង្រឹងការអនុវត្តន៍តួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរយោធិន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ច ទទួលបានជោគជ័យ ហើយយោធិនទាំងអស់អនុវត្តបានយ៉ាងត្រឹមត្រូវ តាមវិធានការសុខាភិបាល និងវិធានការបីកុំ បីការពារ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា ភារកិច្ចសំខាន់ៗរបស់យើងគឺ ទី១ យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រពីការបោះឆ្នោត និងការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ ទី២ ត្រៀមកងកម្លាំង ដើម្បីសហការ ជាមួយកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែន និង គណៈកម្មការខេត្ត រៀបចំការបោះឆ្នោត ដើម្បីសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និង ប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលខាងមុខនេះ និងទី៣ យោធិនគ្រប់រូបអនុវត្តន៍ ឲ្យបាននូវលក្ខន្តិកៈ បទវិន័យកងយោធពលខេមរភូមិន្ទ ព្រមទាំងការពង្រឹង ការអនុវត្តរបៀបរបបការងារ ការសាមគ្គីភាពឯកភាព ឯកភាពគ្នារឹងមាំ និងបន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការ ឆ្លងជំងឺកូវីដ-១៩ យោធិនបានប្តេជ្ញាចិត្ត អនុវត្តន៍ឲ្យបានតាម បទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ដែលបានដាក់ចេញឲ្យ ទទួលបានជោគជ័យ ៕ ដោយ៖ ប៊ុន រដ្ឋា
![](https://asset.ams.com.kh/central/media/photo_2022-03-07_20-59-52-1024x599.jpg)