សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យយមន្រ្តីទាំងអស់បម្រើសេវាកម្មជូនប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ
ខេត្តសៀមរាប ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានជំរុញឱ្យមន្រ្តីទាំងអស់បម្រើសេវាកម្មប្រជាពលរដ្ឋឲ្យបាន គ្រប់ជ្រុងជ្រោយ សំខាន់កិច្ចការពារសុវត្តិភាព និង ការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថភាពជាដើម ។


សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បែបនេះ ក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី០៨ខែ មីនា ឆ្នាំ២០២២ នៅសាលសន្និសិទ្ធ សណ្ឋាគារសុខាសៀមរាប ។
ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា អង្គសន្និបាតរយៈពេល ១ថ្ងៃកន្លះនេះ ដើមី្បឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែមានរចនាសម្ព័ន្ធ នីតិវិធីប្រតិបត្តិការច្បាស់លាស់ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និង សំដៅជំរុញធ្វើឱ្យយមានចីរភាព ដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈការ និង សហវិមជ្ឈការ ។


មានប្រសាន៍ក្នុងពិធិបិទសន្និបាតនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ពីលទ្ធផលដែលរដ្ឋបាលខេត្តសៀមរាប អនុវត្តបាន ក្នុងឆ្នាំ២០២១ ក្នុងនោះគឺសមទ្ធិផលផ្លូវ ៣៨ខ្សែ ដែលត្រៀមនឹងធ្វើការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ។
សម្តេចក៏បានលើកនូវចំណុចសំខាន់ទាំង៦ ដែលរដ្ឋបាលខេត្តត្រូវធ្វើការអនុវត្តចំពោះមុខ លើការទ្រទ្រង់ធនធានធម្មជាតិ និង ដោះស្រាយវិវាទដីធ្លី សំខាន់នៅក្នុងតំបន់ព្រៃលិចទឹក និង តំបន់ព្រៃឈើ លើការកាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាយូរមកហើយ ព្រមទាំងធ្វើការជម្រុញដល់រដ្ឋបាលខេត្ត ក្នុងការកំណត់បោះព្រំប្រទល់រវាងរដ្ឋបាលខេត្តសៀមរាប និងឧត្តរមានជ័យ និង ព្រំប្រទល់ដីរដ្ឋ ទាំងតំប់នព្រៃឈើ និង ព្រៃលិចទឹក ក្នុងការបញ្ជៀសនូវរាល់អំពើរហិង្សាកើតឡើង ។


សម្តេចក៏បានធ្វើការក្រើនរំលឹកថា រាជរដ្ឋាភិបាលបានដោះស្រាយនូវរាល់ទុក្ខលំបាកជាសកលរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងវិបត្តិជម្ងឺកូវិដ១៩ ដោយបានស្វែងរកនូវថ្នាំ វ៉ាក់សាំងចាក់ការពារជម្ងឺកូវិដ១៩ ហើយមកដល់ពេលនេះកម្ពុជា បានឈានមុខគេនូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ។ ទោះបីករណីជំងឺកូវិដមានការធូស្បើយក៏ពិតមែន តែយើងក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ថែមទៀត ដោយត្រូវ ចេះរស់នៅទៅតាមគន្លងប្រក្រតីថ្មី នៃកូវិដ១៩ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្ក្រាបឲ្យខាងតែបាននូវរាល់បទល្មើសគ្រប់ប្រភេទ ការកាប់ទន្ទ្រានយកដីព្រៃឈើ និង តំបន់ព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ ករណីគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ ព្រមទាំងរួមគ្នាថែរក្សា ធ្វើអនាម័យបរិស្ថាន ក្នុងការស្តារឡើងវិញលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប ឱ្យរីកចម្រើនថែមទៀត ។


ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រគល់ប័ណ្ណសរសើរ ដល់ក្រុង ស្រុកទាំង ១២ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីមានស្នាដៃការងារល្អចំនួន ៨៧នាក់ ក្នុងនោះថ្នាក់មហាសេរីវឌ្ឍ ០២នាក់ មហាសេនា ០២នាក់ , ថ្នាក់ធិបឌិន្ទ ០៥នាក់ , ថ្នាក់សេនា ០២នាក់ ,ថ្នាក់អស្សឬទ្ធិ ០៧នាក់ ,ថ្នាក់មាស ២៥នាក់ ,ថ្នាក់ប្រាក់ ២៨នាក់ និង ថ្នាក់សំរិទ្ធ ១៥នាក់ ៕ ដោយ ៖ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប



