ដើម្បីរួមគ្នាអភិរក្សព្រៃសហគមន៍ ព្រះសង្ឃ អាជ្ញាធរ ប្រជាពលរដ្ឋជាង ១ពាន់នាក់ បានធ្វើពិធីបំបួសដើមឈើនៅព្រៃសហគមន៍អូរទឹកចេញចំនួនជាង ៥០០ដើម លើផ្ទៃដីចំនួន ១០៨០ហិតា
សៀមរាប ៖ ព្រះសង្ឃ អាជ្ញាធរដែនដី ប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ បានធ្វើពិធីបំបួសដើមឈើនៅព្រៃសហគមន៍អូរទឹកចេញចំនួន ៥០០ដើមជាង នៅក្នុងផ្ទៃដីចំនួន ១០៨០ហិតា ដើម្បីរួមគ្នាភិរក្សព្រៃសហគមន៍ ស្ថិតនៅព្រំប្រទល់ភូមិពង្រ និងភូមិបេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។


ពិធីបំបួសនេះ បានប្រារព្ធឡើង នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ដោយបានផ្ដួចផ្ដើមគំនិត នឹងខិតខំប្រឹងប្រែងការពារពីសំសំណាក់ព្រះតេជគុណ តេជ ទេពវង្សា ព្រះគ្រូសូត្រនៃវត្តចន្ទរង្សីពង្រ និងព្រះសង្ឃនិមន្តមកពីតាមបណ្តាវត្តនានា អាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើស្រុក ក្រុមការងារយុវជនខេត្តចុះជួយការងារស្រុកស្រីស្នំ ក្រុមការងារព្រៃសហគមន៍អូរទឹកចេញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរយនាក់បានចូលរួម ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ នឹងអភិរក្សថែរក្សាធនធានធម្មជាតិសម្រាប់បន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយៗទៀត។


ព្រះតេជគុណ តេជ ទេពវង្សា ព្រះគ្រូសូត្រនៃវត្តចន្ទរង្សីពង្រ មានសង្ឃដីកាថា នាពេលនេះ យើងមានកម្មវិធីចំនួន២ គឺទី១.ពិធីបំបួសដើមឈើនៅក្នុងព្រៃសហគមន៍ ទី២.គឺបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរ៉ៃអង្គាស់បច្ច័យពីញាតិញោមពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារយុវជនខេត្តចុះជួយការងារស្រុកស្រីស្នំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លាតិចក្តីច្រើនក្តី បច្ច័យទាំងអស់នោះ គឺទុកសម្រាប់អភិរក្សសហគមន៍ព្រៃឈើអូរទឹកចេញនេះតែម្តង។
ព្រះតេជគុណ មានសង្ឃដីកាបន្តថា ពិធីបំបួសដើមឈើនៅក្នុងព្រៃសហគមន៍ និងបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរ៉ៃអង្គាស់បច្ច័យសម្រាប់ជួយដល់សហគមន៍ព្រៃឈើអូរទឹកចេញ ជាលើកទី១ហើយ ដែលក្រុមព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារយុវជនខេត្តចុះជួយស្រុកស្រីស្នំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋបានធ្វើនូវព្រឹត្តិការណ៍បែបនេះ ដូច្នេះសូមឲ្យញាតិញោមពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ មេត្តាជួយចូលរួមអភិរក្សាថែរក្សាព្រៃសហគមន៍របស់យើងទាំងអស់គ្នាឲ្យបានគង់វង្សតកូនតចៅឲ្យបានល្អប្រសើរថែមទៀត។


បន្ទាប់ពីបញ្ចប់កម្មវិធីបំបួស និងបុណ្យផ្កាប្រាក់រួចមក បច្ច័យដែលទទួលពីកម្មវិធីមានចំនួន ៧,៦៦៧,២០០ លានរៀល ហើយព្រះអង្គក៏បានបន្ថែមបច្ច័យព្រះអង្គផ្ទាល់ឲ្យបានតាមចំនួនកំណត់ ១០លានរៀលក្នុងមួយឆ្នាំ សម្រាប់ជួយដល់គណៈកម្មការសហគមន៍យកទៅជីកប្រឡាយជុំវិញព្រៃសហគមន៍ក្នុងការការពារភ្លើងឆេះព្រៃនឹងការពារការកាប់ទន្រាន់ដីព្រៃពីប្រជាពលរដ្ឋដែលមានព្រំជាប់និងដីសហគមន៍នោះ។ ដោយឡែកក្រុមការងារយុវជនខេត្តចុះជួយស្រុកស្រីស្នំ បានឧបត្ថម្ភៈថវិកាមួយចំនួន និងទឹកសុទ្ធចំនួន ១០០យួរ សម្លៀកបំពាក់ចំនួន ១១កំប្លេ សម្រាប់ក្រុមល្បាតព្រៃ ផងដែ ។
លោក ឃុត ចូច ប្រធានសហគមន៍ព្រៃអូរទឹកចេញ ថ្លែងថា ចំពោះសហគមន៍ព្រៃអូរទឹកចេញនេះ បានបង្កើតឡើងតាំងពីឆ្នាំ២០០១ មកម្លេះ ដំបូងឡើយគឺមានផលលំបាកក្នុងការគ្រប់គ្រងព្រៃសហគមន៍ ដោយសារតែបងប្អូនប្រជាពលរដ្ឋចង់បានដីព្រៃយកមកធ្វើជាកម្មសិទ្ធិផ្តាល់ខ្លួន រហូតមកដល់ពេលនេះ យើងគ្រប់គ្រងបានល្អប្រសើរជាងមុន ដោយមានការចូលរួមសហការណ៍ពីអាជ្ញាធរដែនដី រដ្ឋបាលព្រៃឈើ ព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក។ បច្ចុប្បន្ន ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីផលប្រយោជន៍ និងគុណសម្បត្តិព្រៃឈើ ដែលជាធនធានធម្មជាតិមិនអាចខ្វះបានឡើយ ៕ ដោយ ស៊ាន សុផាត




