ខេត្តកែប សាងសង់រូបសំណាកព្រាបសរ ផ្លូវចូលតំបន់ភ្នំវល្លិ៍ ដើម្បីជានិមិត្តរូបនៃការអរគុណសន្តិភាព និងការអភិវឌ្ឍ
ខេត្តកែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់រូបសំណាកព្រាបស ស្ថិតនៅ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើមផ្លូវលេខ ១៣៣៥ ឆ្ពោះទៅកាន់តំបន់ភ្នំវល្លិ៍ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ។


ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ការសាងសង់រូបសំណាកព្រាបស នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតម្លៃ និងនិមិត្តរូបនៃសន្តិភាព ដែលបង្កឱកាសឱ្យយើងទាំងអស់គ្នា អភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិយើងឱ្យមានការរីកចម្រើន ។ ឯកឧត្តមរំលឹកថា តំបន់ភ្នំវល្លិ៍នេះធ្លាប់ជាទីតាំង សមរភូមិសង្គ្រាមក៏ក្តៅគគុក និងជាកន្លែងលាក់ខ្លួនធ្វើសកម្មភាពរបស់កងទ័ពខ្មែរក្រហម ប៉ុន្តែក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៤ កំលាំងទ័ពខ្មែរក្រហម បានធ្វើសមាហរណកម្ម ចូលរួមជាមួយរដ្ឋាភិបាល ភ្លើងសង្គ្រាមនៅទីតាំងនេះបានរលត់ ប្រជាជនរស់នៅបានសុខសន្តិភាព ហើយបច្ចុប្បន្ន បានប្រែក្លាយជាតំបន់អភិវឌ្ឍកសិកម្មដ៏មានសក្តានុពលរបស់ខេត្តកែប ក្នុងនោះរួមមាន ម្រេច ស្វាយ ត្របែក ខ្នុរ ដូងជាដើម ។


ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្ថែមថា រូបសំណាក់ព្រាបស ត្រដាងស្លាប នាដើមផ្លូវលេខ ១៣៣៥នេះ នឹងធ្វើឱ្យអ្នកដំណើរតាមផ្លូវជាតិលេខ ៣៣ ងាបមកចាប់រម្មណ៍ ទីតាំងនៃតំបន់ អេកូទេសចរណ៍ និងកសិទេសចរណ៍ភ្នំវល្លិ៍ ដែលពោរពេញដោយ ទេសភាពដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគត ទីតាំងនេះ ក៏នឹងក្លាយទៅជាតំបន់កសិឧស្សហកម្ម ផងដែរ។


ឯកឧត្តម អះអាងថា នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់ភ្នំវល្លិ៍ឱ្យដូចជាសសៃឈាម និងជាផ្នែកមួយនៃតំបន់ទេសចរណ៍របស់ខេត្តកែប ដែលភ្ញៀវទេសចរណ៍អាចមកលេង ទឹកសមុទ្រ ញ៉ាំអាហារសមុទ្រដ៏មានឱជារស ហើយបន្តដើរកំសាន្តអេកូទេសចរណ៍ លើខ្នងភ្នំវល្លិ៍ និងកសិទេសចរណ៍នៃតំបន់នេះថែមទៀត ។ សូមបញ្ជាក់ថា រូបសំណាក ព្រាប ស នេះ សាងសង់មានទម្រខឿនកំពស់បីថ្នាក់ និងរចនាព្រាបស ត្រដាងស្លាប ទុំពីលើកន្ត្រក់ពេញដោយផ្លែឈើចម្រុះ ៕ Sila Sarin

