ខេត្តគោលដៅចំនួន២ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ទទួលបានអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ១០០តោន ពីរាជរដ្ឋាភិបាល

ខេត្តឧត្តរមានជ័យ ៖ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៤០តោន ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០០គ្រួសារ ក្នុងនោះស្រុកចុងកាល់ ៣០០គ្រួសារ ក្រុងសំរោង ៤២៥គ្រួសារ និងស្រុកបន្ទាយអំពិល ២៧៥គ្រួសារ ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា តាមរយ:ជំនួយឧបត្ថម្ភនេះ បានធ្វើឲ្យសន្តិសុខស្បៀងក្នុងគ្រួសារនីមួយៗរបស់បងប្អូនប្រជាកសិករត្រូវបានធានា ហើយឯកឧត្តមអភិបាលខេត្ត សន្យាថា នឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនខ្វះស្បៀងឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនអង្គពិធីពីផលប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ជាពិសេសជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗជាច្រើនទាំងវិធានការសេដ្ឋកិច្ច វិធានការច្បាប់ រដ្ឋបាល និងវិធានការសុខាភិបាល សំដៅទប់ស្កាត់ឲ្យខាងតែបាននូវការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ និងជាពិសេសបើកឲ្យដំណើរការសកម្មភាពសង្គម បំណងស្តារសេដ្ឋកិច្ចជាតិយើងឡើងវិញ។

ដើម្បីជួយសម្រាលបញ្ហាខ្វះខាតស្បៀងរបស់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចឲ្យឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត នាំយកអង្ករជំនួយសង្គ្រោះបន្ទាន់នេះមកចែកជូនបងប្អូន ដោយក្នុង ១គ្រួសារ ទទួលបាន ៤០គីឡូក្រាម ។

តមកនៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញនាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៦០តោន ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៥០០គ្រួសារ នៃ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមការពារជំងឺកូវីដ១៩ទាំងក្នុងសហគមន៍ ក្នុងគ្រួសារ និងខ្លួនយើងផ្ទាល់ ហើយត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ និងត្រី ជុំវិញផ្ទះដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឲ្យលោកប្រធានមន្ទីរត្រូវចុះអន្តរាគមន៍ សហការជាមួយអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាជូនបងប្អូន ដែលរងគ្រោះដោយភ្លៀងដើមឆ្នាំ និងខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះសំបែង តាមស្ថានភាពជាក់ស្តែងផងដែរ ៕

ប្រភព ៖ ក្រសួងកសិកម្ម ដោយ ៖ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner