កញ្ញាលី សុខឡេង ៖ ការតស៊ូ អត់ធ្មត់ជំនះគ្រប់ឧបសគ្គ ពីក្មេងរងគ្រោះក្លាយជាស្រីដែលរឹងមាំ ពីក្មេងដែលទន់ជ្រាយក្លាយជានាយទាហានស្រីដ៏ក្លាហាន
ភ្នំពេញ ៖ កញ្ញា លី សុខឡេង ជាសិក្ខាកាមនិស្សិតនាយទាហានសកម្មជំនាន់ទី២៣ ហើយក៏ជាសិក្ខាកាមឆត្រយោងជំនាន់ទី៣២ផងដែរ។ តាមរយៈកិច្ចសម្ភាសន៍តាមតេឡេក្រាមជាមួយបណ្តាញអប្សរាព័ត៌មាន (AMS) នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សុខឡេង បានលើកឡើងថា កញ្ញាបានចូលវិស័យកងទ័ពរយៈពេលបីឆ្នាំហើយ វគ្គឆត្រយោងនេះផងដែរគឺជាវគ្គមួយសម្រាប់បំពេញក្របខណ្ឌបរិញ្ញាបត្រយោធាដែលកញ្ញាកំពុងតែសិក្សា នៅសាលានាយទាហានសកម្ម។ សម្រាប់វគ្គឆត្រយោងគឺមានរយៈពេល២ខែសម្រាប់ការហ្វឹកហាត់មុននឹងលោតឆត្រជាក់ស្ដែងលើទីលាន។


កញ្ញា លី សុខឡេង បានបន្តឱ្យដឹងទៀតថា ក្នុងរយៈពេល ២ខែនៃការហ្វឹកហាត់ គឺសិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់នូវការលត់ដំជាច្រើនទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បីឱ្យសិក្ខាកាមម្នាក់ៗមានភាពរឹងមាំហើយជាពិសេសនោះ គឺស្រ្ដីពិតជាជួបឧបសគ្គច្រើនជាងបុរស ដោយសារកាយសម្បាទាមនុស្សស្រីខ្សោយខុសពីបុរសដែលមានកម្លាំងខ្លាំង ហេតុនេះហើយមានតែការតស៊ូ អត់ធ្មត់ទើបបន្តទៅមុខបាន។


កញ្ញាលី សុខឡេង បានបន្តឱ្យដឹងទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាពិតជាបានលើកតម្លៃសិទ្ធិស្រ្តីខ្លាំងបំផុតដែលតែងតែផ្តល់អាទិភាព ឱកាស និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រ្តីគ្រប់រូបបានចូលរួមគ្រប់វិស័យតាមស្ថាបននានា។ ប៉ុន្តែទន្ទឹមនឹងការយកចិត្តទុកដាក់ លើកតម្កើងតម្លៃស្រ្តីខ្មែពីប្រមុខដឹកនាំនោះ ស្រ្តីខ្លួនឯងផ្ទាល់ក៏ត្រូវចេះអភិវឌ្ឍន៍លើកជ្រោងសមត្ថភាពខ្លួនឯងបន្ថែមទៀតផងដែរពីព្រោះថា ស្ត្រីគឺជាកោសិការរបស់សង្គមជាតិដែលជាកត្តាមូយដ៏សំខាន់មិនអាចខ្វះបាន។ស្រ្តីប្រៀបបានជាសសៃឈាមសង្គម ជាឆ្អឹងខ្នងសេដ្ឋកិច្ច ដែលជួយអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចម្រើន។ ក្នុងឱ្យកាសប្រារព្ធទិវានារីអន្តរជាតិ៨មីនាខួបលើកទី១១១ឆ្នាំនេះ កញ្ញា លី សុខឡេង ក៏សូមអំពាវនាវឱ្យបងប្អូនក្នុងសង្គមខ្មែរជាពិសេសបុរសគ្រប់រូបសូមគោរពឱ្យតម្លៃលើកកម្ពស់ជូនស្រ្តីឱ្យបានច្រើន។
ដោយឡែកកាលពីពេលថ្មីៗនេះ តាមរយៈហ្វេសប៊ុក លោកស្រី ម៉ម សូម៉ាលី Mam Somaly ជាប្រធានអង្គការ Afesip Cambodia បានបង្ហោះរូបភាពកញ្ញា លី សុខឡេង ដែលកំពុងហ្វឹកហាត់ជំនាញលោតឆត្រយោងដោយរៀបរាប់ក្នុងខ្លឹមសារទាំងស្រុងថា ៖ ខ្ញុំពិតជាមានមោទនភាពចំពោះកូនស្រីម្នាក់នេះណាស់ កូនដែលកំសត់ម្នាក់ត្រូវបានគេមើលងាយមើលថោកមិនឱ្យតម្លៃ សូម្បីតែពុកបង្កើតក៏បោះបង់ចោលដែរ នាងត្រូវមករស់នៅក្នុងមណ្ឌល បែកពីម្តាយកំសត់ដែលឈឺកាយផង ចិត្តផង💔 មនមានពេលណាដែលកូនស្រីម្នាក់នេះចុះចាញ់ទេ ទោះត្រូវញាំបាយស្រូបទឹកភ្នែកដោយក្តីឈឺចាប់ដែលមនុស្សអប្រិយ បានបន្សល់ទុក្ខឱ្យនាង ។ តាំងតែពីតូចមកដល់មណ្ឌល ខ្ញុំតែងតែសួរកូនៗ ថា តើកូនចង់ធ្វើអ្វីពេលកូនធំឡើង លី សុខឡេង តែងតែឆ្លើយថា (កូនចង់ធ្វើទាហាន ) នៅថ្ងៃប្រឡងបាក់ឌុបជាប់ នាងខ្ញុំក៏អោយគាត់រៀន IT តែរំលងបាន 2 ឆ្នាំគាត់ដាក់ពាក្យប្រឡង ទាហានសកម្ម 3ឆ្នាំហើយ កូនស្រីខ្ញុំបានខិតខំពុះពារគ្រប់ឧបសគ្គរួមនិងការលើកទឹកចិត្តពីលោកនាយកសាលាផង។
លោកស្រីបានបន្ថែម ៣ឃ្លាចុងក្រោយក្នុងសំណេររបស់លោកស្រីទៀតថា
*ពីក្មេងរងគ្រោះក្លាយជាស្រីដែលរឹងមាំ
*ពីក្មេងដែលទន់ជ្រាយក្លាយជានាយទាហាន
*ពីក្មេងដែលគេបោះបង់ចោលក្លាយជាមនុស្សដែលមានក្តីស្រលាញ់ច្រើន។
ចំណែកលោក Tan Kimsour ដែលជាបុគ្គលមួយដែលមនុស្សជាច្រើនបានស្គាល់លោកជាមនុស្សស្រលាញ់បរិស្ថាន ក៏បានបង្ហោះរូបភាពថតជាមួយសុខឡេងប៉ុន្មានសន្លឹកដោយសរសេរថា ទ័ពពិសេសដ៏អង់អាចក្លាហាន។
សូមស្រ្តីគ្រប់រូបកុំបាក់ទឹកចិត្ត កុំបោះបង់ការតស៊ូ រឹងមាំឡើង ប្រឹងប្រែងបន្តដំណើរទៅមុខដើម្បីទទួលបានជីវិតកបប្រសើរ៕ ដោយ ៖ លីដា