ព្រះខ័នរាជស្វាយរៀងរកបាន៣ពិន្ទុពីគិរីវង់សុខសែនជ័យខេមបូឌានព្រីមៀរលីគ ២០២២
ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀងរកបាន៣ពិន្ទុពីក្រុមភ្ញៀវ គិរីវង់សុខសែនជ័យជាមួយនឹងលទ្ធផល ៣ទល់១ នៅក្នុងការប្រកួតសប្តាហ៍ទី១ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ក្របខណ្ឌ ខេមបូឌានព្រីមៀរលីគ រដូវកាលថ្មី ២០២២។


នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ព្រះខ័នរាជស្វាយរៀងបានបើកការនាំមុខ ៣ទល់០ នៅវគ្គទី១ ហើយនៅវគ្គទី២ ក្រុមគិរីវង់សុខសែនជ័យធ្វើសម្រេចបាន១គ្រាប់តាមពីក្រោយ នៅនាទី៧៤។ កីឡាករ MBARGA EMMANUEL JUNIOR របស់ព្រះខ័នរាជស្វាយរៀងបានជាប់ជាកីឡាករល្អជាងគេ ក្នុងការប្រកួតនេះ។ ដោយឡែកចំពោះលទ្ធផល៣ប្រកួត សប្តាហ៍ទី១ដូចគ្នា កាលពីថ្ងៃទី៥មីនា គឺបឹងកេត បានយកឈ្នះ ណាហ្គាវើល ៣ទល់១ អង្គរថាយហ្គឺរចាញ់វិសាខា ១ទល់៣ ខណៈក្រុមកងយោធពលខេមរភូមិន្ទ ០ទល់០ ជាមួយភ្នំពេញក្រោន។


គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្របខណ្ឌលីគកំពូល ខេមបូឌានព្រីមៀរលីគ មាន៨ក្រុមចូលរួមប្រជែងជើងឯក ដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដែលទទួលសិទ្ធិអវិវឌ្ឍន៍ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកែសម្រួល និងពង្រឹងគុណភាពឱ្យកាន់តែល្អប្រសើរ ដោយកំណត់យកត្រឹម៨ក្រុម លំដាប់កំពូលៗ ដូចជាក្រុមកងយោធពលខេមរភូមិន្ទ ភ្នំពេញក្រោន វិសាខា បឹងកេត អង្គរថាយហ្គឺ គិរីវង់សុខសែនជ័យ ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង។ ៨ក្រុមនេះត្រូវប្រកួតចំនួន៣ជុំ សម្រាប់ដំណាក់កាលទី១ ហើយដំណាក់កាលទី២នឹងយកចំណាត់ថ្នាក់លេខ១ដល់លេខ៤ ទៅប្រកួតវិលជុំចំនួន២លើកទៀត ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកតែម្តង៕ រូបភាព៖ CPL
ចាន់ វិចិត្រ




