សហគមន៍អេកូទេសចរណ៍ជីផាតសម្បូរដោយសក្តានុពលទេសចរណ៍ និងជាតំបន់ទេសចរណ៍ជាទីទាក់ទាញ

កោះកុង៖ តំបន់អេកូទេសចរណ៍ជីផាត ជាតំបន់សហគមន៍ទេសចរណ៍ ដ៏ប្រណិតមួយ ប្រៀបប្រដូចទៅនឹងឋានសួគ៌ ដែលជាក្តីប្រាថ្នា របស់ភ្ញៀវទេសចរ ។ បច្ចុប្បន្ន សហគមន៍អេកូទេសចរណ៍ជីផាតកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបុរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម។

សហគមន៍អេកូទេសចរណ៍ជីផាតស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នេះតាមផ្លូវ ជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។ក្រៅពីនេះគេក៏អាចធ្វើដំណើរតាមផ្លូវទឹកក៏អាចទៅកាន់តំបន់ទេសចរណ៍ជីផាតដូចគ្នា។

លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងថា សហគមន៍មួយកន្លែងនេះ មានទីកម្សាន្តបែបធម្មជាតិជាច្រើន ដូចជា៖តំបន់ពាង៧០ឬភ្នំពើង ,មឈូសបូរាណ, តំបន់ពាងបុរាណ និងមឈូសបុរាណភ្នំពេល, តំបន់ពាងបុរាណអូរកី, តំបន់ពាមតាខាត់, អូរស្ពាត, ភ្នំត្រង៉ោល, ឆាយអូសគូទ, វាលប្រាក់, ឆាយទឹកវេទ, ស្ទឹងព្រ័ត, ថ្មអណ្តែត, ដំណាក់ខូស, អូរពាមក្រវ៉ាញ ជាដើម។

លោកថា បច្ចុប្បន្នប្រជាជននៅទីនេះចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថរបស់គាត់ ដែលពីមុនមិនសូវខ្វល់ខ្វាយពីការលក់ដូរទេ ឥឡូវគាត់ចាប់ផ្តើមបើកតូបលក់ដូរ បើកហាងបាយ ហាងកាហ្វេ បើកផ្ទះសំណាក់ ជាហូរហែ។ ពួកគាត់អាចរកចំណូលតាមរយៈភ្ញៀវទេសចរណ៍ ស្ទើរៀងរាល់ថ្ងៃ បើទោះបីស្ថានភាពកូវីដ១៩កំពុងលុកលុយក្តី។

លោក ឃិនម៉េង ឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧មក ដោយមានការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ដកោះកុង និងការគាំទ្រថវិកាដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងគោលបំណងចូលរួមថែរក្សា និងការពារអភិរក្សធនធានធម្មជាតិ ដូចជាព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នោះ។ បើគិតមកដល់ពេលបច្ចុប្បន្ន គឺមានរយៈពេល១៥ឆ្នាំហើយ ក្នុងការរៀបចំសហគមន៍ឡើង ដើម្បីជួយដល់ប្រជាសហគមន៍រស់នៅក្នុងតំបន់នេះឱ្យផ្លាស់ប្ដូរនូវទម្លាប់ពីការចូលព្រៃកាប់ឈើ ការបរបាញ់សត្វ ការដាក់អន្ទាក់ មកជាការចូលរួមការពារអភិរក្សធនធានធម្មជាតិ ការផ្ដល់សេវាផ្ទះស្នាក់នៅ និងការធ្វើម្ហូបអាហារ ដើម្បីទទួល បាន ចំណូលបន្ថែមពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលមកកម្សាន្ដស្នាក់នៅក្នុងសហគមន៍។

លោកបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន ចង់ឱ្យមានការពង្រីកនូវផលិតផលថ្មីៗបន្ថែមទៀត នៅតំបន់សហគមន៍ក្នុងនេះដូចជា ផ្ទះស្នាក់ ឬកន្លែងខ្លះ អាចរៀបចំបោះតង់ក៏កាន់តែល្អ។

ព្រមជាមួយគ្នានេះ លោក ទាង ឆាយហៀង អនុប្រធាននាយករដ្ឋានទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ជាក្រសួងសាមីមួយ ដែលទទួលខុសត្រូវត្រួតពិនិត្យទៅលើទឹកស្អាត អនាម័យ ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅតាមជនបទ។ ដោយឡែកសម្រាប់នៅតាមតំបន់ការពារធនធានធម្មជាតិ និងតំបន់អេកូទេសចរណ៍ធម្មជាតិ ប្រសិនបើទីតាំងតំបន់ណាមួយ មានភាពចាំបាច់នោះ ក្រសួង នឹងសិក្សាសាងសង់ផ្លូវជូន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ។ បន្ថែមពីនេះ វាជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យកាន់តែមានចំណាប់អារម្មណ៍ទស្សនាកម្សាន្តនៅតាមទីតាំងទេសចរណ៍ធម្មជាតិ ដែលមានក្នុងប្រទេសកម្ពុជា ៕ ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner