លោក ហ្សេលេនស្គី៖ អ៊ុយក្រែនអាចនឹងបើកកិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីដោះស្រាយបញ្ហាតំបន់គ្រីមេ និងតំបន់ផ្តាច់ខ្លួនចំនួនពីរ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា ប្រទេសរបស់លោកអាចនឹងបើកកិច្ចពិភាក្សាជាមួយរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងតំបន់គ្រីមេ រួមទាំងតំបន់ដូណេត និងលូហ្កាន់។
![](https://asset.ams.com.kh/central/media/photo_2022-03-09_11-06-28.jpg)
ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី បានកើតមានឡើងស្របពេលដែលរុស្ស៊ី នៅថ្ងៃអង្គារដដែលនេះ បានស្នើអ៊ុយក្រែនឱ្យបញ្ឈប់សកម្មភាពយោធា, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យក្លាយជាប្រទេសអព្យាក្រឹត, ទទួលស្គាល់ ឧបទ្វីបគ្រីមេថាជាទឹកដីរុស្ស៊ី និងទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន គឺ ដូណេត និងលូហ្កាន់ ជារដ្ឋឯករាជ្យ ហើយជាថ្នូរមកវិញ រុស្ស៊ីនឹងបញ្ចប់ប្រតិបត្តិការយោធាភ្លាមៗ។
![](https://asset.ams.com.kh/central/media/photo_2022-03-09_11-06-30-1024x683.jpg)
នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទូរទស្សន៍អាមេរិក ABC News នៅថ្ងៃអង្គារនេះ លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ដែរថា លោកលែងមានអារម្មណ៍ចង់ឱ្យប្រទេសរបស់លោក ចូលជាសមាជិកអង្គការ NATO ទៀតហើយ បន្ទាប់ពីទីក្រុងកៀវភ្ញាក់ដឹងខ្លួនឯងថា បក្សសម្ពន្ធយោធាមួយនេះមិនទាន់ត្រៀមលក្ខណៈទទួលយកអ៊ុយក្រែន៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា