លោក ចូ បៃដិន ប្រកាសហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារទី៨ខែមីនាបានប្រកាសពីការដាក់ទណ្ឌកម្មថាមពលលើប្រទេសរុស្ស៊ី ដោយហាមឃាត់ការនាំចូលប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មពីប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបនឹងប្រតិបត្តិការយោធាដែលកំពុងបន្តនៅអ៊ុយក្រែន។
![](https://asset.ams.com.kh/central/media/photo_2022-03-09_11-32-46-1024x682.jpg)
លោក បៃដិន បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅឯសេតវិមានថា ការប្រកាសនេះមានន័យថា ប្រេងរបស់រុស្ស៊ីនឹងមិនអាចទទួលយកបានចំពោះកំពង់ផែរបស់សហរដ្ឋអាមេរិកទៀតទេ។ លោក បៃដិន អះអាងថា វិធានការនេះមានន័យថា ប្រជាជនអាមេរិកបានចាត់វិធានការដ៏មានឥទ្ធិពលមួយទៀត ចំពោះការដឹកនាំរបស់លោក ពូទីន។ លោកបន្ថែមថា យើងនឹងមិនក្លាយជាផ្នែកមួយ នៃការចូលរួមឧបត្ថម្ភធនធានដល់សង្រ្គាមរបស់លោក ពូទីន ទេ… ទោះបីជាមានការភ័យខ្លាចចំពោះការកើនឡើងនៃតម្លៃប្រេង និងឧស្ម័នក៏ដោយ។
![](https://asset.ams.com.kh/central/media/GettyImages-1234446856.webp)
![](https://asset.ams.com.kh/central/media/photo_2022-03-09_11-31-52.jpg)
យោងតាមសមាគមរថយន្តអាមេរិក បានឱ្យដឹងថា តម្លៃប្រេងសាំងជាមធ្យមបានឡើងដល់កម្រិតខ្ពស់បំផុតគឺ ៤,១៧៣ដុល្លារក្នុងមួយហ្គាឡុងកាលពីថ្ងៃអង្គារ ដែលទិន្នន័យរបស់ពួកគេបានបង្ហាញថា តម្លៃនេះឡើងថ្លៃ ១៥ភាគរយបើធៀបនឹងសប្តាហ៍មុន និង ២១ ភាគរយខ្ពស់ជាងមួយខែមុន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា