រុស្ស៊ីណែនាំបង្កើត “របបស្ងប់ស្ងាត់” នៅអ៊ុយក្រែនសម្រាប់ការជម្លៀសជនស៊ីវិលដោយសុវត្ថិភាព
ម៉ូស្គូ៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានប្រកាសបង្កើត “របបស្ងប់ស្ងាត់” និងការបើកច្រករបៀងមនុស្សធម៌ សម្រាប់ការជម្លៀសជនស៊ីវិលដោយសុវត្ថិភាពនៅក្នុងប្រទេសអ៊ុយក្រែន ដែលចាប់ផ្តើមនៅម៉ោង១០៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃអង្គារសប្តាហ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក អ៊ីហ្គោ កូណាសិនកូវ (Igor Konashenkov) ថា ច្រករបៀងមនុស្សធម៌ពីទីក្រុងកៀវ, Chernihiv, Sumy, Kharkov និង Mariupol កំពុងត្រូវបានបើក។ ទន្ទឹមនេះ ទីភ្នាក់ងារសារព័ត៌មាន UNIAN របស់អ៊ុយក្រែនបានរាយការណ៍ថា នៅថ្ងៃដដែលនោះ អ៊ុយក្រែនបានចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងSumy ភាគឦសាន តាមរយៈច្រករបៀងមនុស្សធម៌ ដូចដែលបានព្រមព្រៀងជាមួយរុស្ស៊ី។
ក្នុងអំឡុងពេលនៃកិច្ចចរចាសន្តិភាពជុំទីបីរវាងរុស្ស៊ី-អ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ភាគីទាំងពីរបានដោះស្រាយបញ្ហានៃការជម្លៀសជនស៊ីវិល ហើយភាគីអ៊ុយក្រែនបានធានាទៅកាន់រុស្ស៊ីថា ច្រករបៀងមនុស្សធម៌នឹងចាប់ផ្តើមដំណើរការ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/photo_2022-03-09_11-31-55.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-09_11-31-56.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-09_11-31-57.jpg)