សហព័ន្ធកីឡាបាល់ទះ យកព្រឹត្តការណ៍ប្រកួតបាល់ទះនារី ជាឪកាសស្វែងរកកីឡាការិនីមានទេពកោលស្យ យកមកប្រមូលផ្តុំត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

បន្ទាប់ពីក្រុមកីឡាបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានក្លាយជាម្ចាស់ជើងឯក ការប្រកួតកីឡាបាល់ទះនារី «អបអរសាទរទិវាអន្តរជាតិ៨មីនា» ឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅកីឡដ្ឋាន ព្រីនស៍ រាជធានីភ្នំពេញ លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថា ការប្រកួតខាងលើក៏ជាឪកាសសម្រាប់សហព័ន្ធប្រមើមើលពីសិទ្ធផល ទេពកោសល្យកីឡាការិនី ដើម្បីប្រមូលចូលក្រុមជម្រើសរើសជាតិហ្វឹកហាត់ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បន្ថែមថា ព្រឹត្តិការណ៍កីឡាបាល់ទះនារីនេះ ធ្វើឡើងដោយ ក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបលើកទី១១១ និងផ្តល់ឱកាសជូនដល់កីឡាការិនីបាល់ទះកម្ពុជា បានបញ្ចេញសមត្ថភាព និងកម្តៅសាច់ដុំ ដើម្បីបង្កើនគុណភាពសមត្ថភាបឲ្យកាន់តែប្រសើរបន្ថែមទៀត សម្រាប់ត្រៀមការប្រកួត នាពេលខាងមុខៗទៀត ។

អគ្គលេខាធិការរូបនេះ បញ្ជាក់បន្ថែមថា ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាត្រូវមានអត្តពលិកទាំងបុរស និងនារី ដូច្នេះហើយបានជា បង្កើតអនុគណកម្មការមួយ ដើម្បីស្វែរកកីឡាករ កីឡាការិនី ពីការប្រកួតផ្សេងៗ ជាពិសេសចុះជ្រើសរើសតាមបណ្តាខេត្ត តាមផែនការមេរបស់សហព័ន្ធ ។

លោក អាំង សេរីពិសិដ្ឋ បន្តទៀតថា ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ តំណាងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះ បានមានប្រសាសន៍ថា សហព័ន្ធនឹងបង្កើតព្រឹត្តការណ៍ប្រកួតថ្នាក់ជាតិអោយបានច្រើន ដោយមាន២៥រាជធានី ខេត្ត-ក្រុង ចូលរួមដើម្បីផ្តល់ឪកាស និងភាពងាយស្រួលជូនគណកម្មការជ្រើសរើស យកកីឡាការិនីល្អៗសម្រាប់សហព័ន្ធ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា ពិធីបិទការប្រកួតកីឡាបាល់ទះនារី អបអរសាទរទិវាអន្តរជាតិនារី៨មីនានេះ ក៏មានពិធីប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្តាល និងចៅក្រមបាល់ទះក្នុងសាលកម្រិតមូលដ្ឋាន-គ ក្រោមការផ្តល់កិត្តិយសពីឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រីឯលទ្ធផលវិញ ក្រុមបាល់ទះនារីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ឈ្នះជើងឯក បន្ទាប់ពីបានយកឈ្នះលើក្រុមន្ទីរអប់រំខេត្តកំពង់ធំ ដោយលទ្ធផល ៣សិតទល់២សិត ។ រីឯក្រុមនារីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដោយលទ្ធផល ៣សិតទល់២សិត ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner