ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងទទួលជួបលោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាហ្កាដ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៩ ខែមីនានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានទទួលពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ដេវីយ៉ានី ខូប្រាហ្កាដ (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកអំពីទំនាក់ទំនងទ្វេភាគី ដែលនឹងគម្រប់បាន ៧០ឆ្នាំនៅខែឧសភាខាងមុខនេះ ។ក្នុងរយៈពេល៧០ឆ្នាំនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការបានល្អប្រសើរលើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រទេសទាំងពីរ នៅមានកម្រិតតិចតួច គួរតែពិចារណាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពី ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានទស្សនទានរបស់អាស៊ាន ព្រមទំាង មជ្ឍភាពអាស៊ាន និម្មាបនកម្មតំបន់អាស៊ាន ហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើង ៣ចំនុច ដូចតទៅ៖
១.ត្រូវតែផ្តល់ផលប្រយោជន៍សម្រាប់សន្តិភាព និងការអភិវឌ្ឍ
២.មិនប្រឆាំងនឹងប្រទេសណាមួយ
៣.ត្រូវគោរព និងផ្តល់ការគំាទ្រសម្រាប់មជ្ឈភាពរបស់អាស៊ាន និងទស្សនាទានឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អា ស៊ាន។

និយាយអំពីបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ បានទៅទស្សនកិច្ចការងារជាមួយរដ្ឋាភិបាលស្នើអោយមានការចរចាដោយផ្ទាល់ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននឹងខិតខំជួយដោះស្រាយបញ្ហារបស់មីយ៉ានម៉ាឈរលើគោលការណ៍កុងសង់ស៊ុស 5PC របស់អាស៊ាន។ ឯកឧត្តម បាននិយាយថា បញ្ហាមីយ៉ាន់ម៉ា មិនអាចដោះស្រាយ ៥ចំនុច តែម្ដងបានទេ ត្រូវចាប់ផ្តើមពីចំណុចទី១ រហូតដល់ ៥ ដូចនេះហើយបានជា សម្ដេចអគ្គមហាសេនាបតីតេជោ ធ្វើទស្សនកិច្ចនៅ មីយ៉ាន់ម៉ា ដើម្បីជំរុញឱ្យមានការឈប់បាញ់សិន បានបន្តអនុវត្តចំនុចផ្សេងៗទៀតនៃ ៥ចំនុច កុងសង់ស៊ុស។

អំពីសមុទ្រចិនខាងត្បូង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ជាការទាមទារអធិបតេយ្យរវាងប្រទេសអាស៊ានខ្លះជាមួយចិន ដូចនេះត្រូវតែដោះស្រាយផ្ទាល់រវាងប្រទេសទាក់ទងនឹងបញ្ហានេះ។ ឯកឧត្តម ក៏បានរំលឹកអំពី DOC ដែលរដ្ឋមន្រ្តីការបរទេសអាស៊ានទាំង១០ បានចុះហត្ថលេខាជាមួយរដ្ឋមន្រ្តីការបរទេសចិន ដើម្បីជៀសវាងទំនាស់នៅសមុទ្រចិនខាងត្បូង។ DOC នេះអាចទុកថាជាឯកសារប្រវត្តិសាស្រ្តទំនាក់ទំនងអាស៊ាន-ចិន ដែលបានចុះហត្ថលេខាជាមួយចិន ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០០២ ជាលើកទី១។ នៅគ្រប់ការចរចា ២០ឆ្នំាមកហើយ ២០០២-២០២២ ភាគីទាក់ទងទំាងអស់នៅតែទាមទារការអនុវត្ត DOC ឱ្យបានពេញលេញ។

ទាក់ទងសង្រ្គាម រុស្ស៊ី និងអ៊ុយក្រែន ឯកឧត្តម បានរំលឹកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកជាច្រើនដងហើយនូវទស្សនៈ និងគោលជំហររបស់កម្ពុជា ហើយថា ចំាបាច់ឱ្យមានការឈប់បាញ់ ដើម្បីរក្សាបាននូវឯករាជ្យបូរណភាព និងអធិបតេយ្យភាព អ៊ុយក្រែន ព្រមទាំងការព្រួយបារម្ភអំពីសន្តិសុខរបស់ រុស្ស៊ី។

ឯកឧត្តម បានបង្ហាញថា ប្រទេសលោកខាងលិចគួរតែលើកទឹកចិត្តជំរុញឱ្យមានការឈប់បាញ់ ការចរចា រុស្ស៊ី-អ៊ុយក្រែន ឱ្យបានជោគជ័យ និងជៀសវាងអន្តរាគមន៍ពីបរទេស ធ្វើឱ្យសភាពការណ៍កាន់តែអាក្រក់ឡើង ដែលអាចប៉ះពាល់ដល់សន្តិសុខ និងសន្តិភាពនៅអឺរ៉ុប។ ឯកឧត្តម បានលើកឡើងថា តាមការពិតសង្រ្គាមនេះជាសង្រ្គាមរវាង NATO – អឺរ៉ុប-អាមេរិក និងរុស្ស៊ី តាមរយៈអ៊ុយក្រែន។
-ក្នុងឱកាសនោះដែល ឯកឧត្តម ក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការជួសជុលប្រាសាទតាព្រហ្ម តំាងពីឆ្នាំ2004 ម៉ាស៊ីនបូមទឹក ការដោះមីន ព្រមទាំងអាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជា ព្រមទាំងកម្ចីឥតសំណង។

ចំណែកលោកជំទាវឯកអគ្គរដ្ឋទូត ដេវីយ៉ានី ខូប្រាហ្កាដ មានប្រសាសន៍ឆ្លើយតបទៅនឹងសំណើរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវគាំទ្រឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ឥណ្ឌា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។

ចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ អំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ា ក្នុងកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយយល់ស្របជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថាបញ្ហាមីយ៉ាន់ម៉ាមិនអាចដោះស្រាយទំាង ៥ចំនុច ជាបន្ទាន់ភ្លាមៗបានទេ គឺត្រូវធ្វើមួយជំហានម្ដង មួយជំហានម្ដង។

ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង លោកជំទាវ បានចោទជាសំណួរថា តើចិនពិតជាចង់បាន COC ពិតមែនឬទេ?។ អំពីសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន លោកជំទាវបានលើកឡើងថា នាយករដ្ឋមន្រ្តីឥណ្ឌាបានទូរស័ព្ទទៅដោយផ្ទាល់ពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ស្នើឱ្យមានការចរចាដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាសង្រ្គាមនេះ។ លោកជំទាវបានបន្ថែមទៀតថា ឥណ្ឌានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសមាជិក QUAD ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

ពាក់ព័ន្ធនិងបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក លោកជំទាវ បានគំាទ្រមជ្ឈភាពអាស៊ាន (ASEAN CENTRALITY) និង និម្មាបនកម្មតំបន់អាស៊ាន (ASEAN REGIONAL ARCHITECTURE) ៕ ដោយ: ពលជ័យ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner