ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន គឺកើតមានទ្បើងដោយសារប្រតិបត្តិករបីសំខាន់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន គឺកើតមានទ្បើងដោយសារប្រតិបត្តិករបីសំខាន់ ដោយក្នុងនោះតួអង្គទី១.សម្តេចតេជោ ហ៊ុន សែន ទី២.ការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស និងទី៣.ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើភាពជាអ្នកដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្តែងឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុលទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន គឺកើតមានទ្បើងដោយសារប្រតិបត្តិករបីសំខាន់៖ ទី១.គឺតួអង្គ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើការដឹកនាំផ្ទាល់នូវយន្តការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ។ សម្តេច បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវល្អិតល្អន់ពីក្រុមការងារបច្ចេកទេសជំនាញដែលមានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងផ្ទៃប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាល ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម។ ទី២.គឺការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធាន ចូលរួមនៅក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ និងទី៣.គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើភាពជាអ្នកដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្តែងឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុលទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការការពារអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ បើទោះបីជាមានការញុះញង់ អូសទាញបន្លាច និងក្លែងបន្លំការពិតពីសំណាក់អ្នកនយោបាយអគតិមួយចំនួនយ៉ាងណាក៏ដោយ៕
ដោយ៖ពលជ័យ

ads banner