ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បេ្តជ្ញាបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទ្បើង

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍អះអាងថា គណបក្សប្រជាជនកម្ពុជា បេ្តជ្ញាបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទ្បើង ព្រមទាំងផ្តោតលើការបង្កើតសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែសម្បូរសប្បាយ ប្រកបដោយភាពសុខសាន្ត ទន្ទឹមនឹងការជំរុញកសាង និងអភិវឌ្ឍប្រទេសលើដំណើរផ្លូវប្រកបដោយសន្តិភាព និងស្ថិរភាព ក៏ដូចជាការពង្រឹងកិត្យានុភាពជាតិក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសតូចធំលើឆាកអន្តរជាតិ។

ការអះអាងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការបញ្ជាក់នេះ នៅក្នុងពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមឱ្យប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់បន្តកិច្ចការបម្រើជាតិ និងប្រជាជន ដោយនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល និងវឌ្ឍនភាពរុងរឿង៕
ដោយ៖ពលជ័យ

ads banner