សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញផ្សព្វផ្សាយស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២

សៀមរាប៖សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១និងទិសដៅភារកិច្ចឆ្នាំ២០២២ របស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី០៨ ខែ មីនា ឆ្នាំ២០២២ ។

ក្នុងឱកាសនេះសម្តេចពិជ័យសេនា បានលើកឡើង អំពីគុណតម្លៃនៃសុខសន្តិភាព ដែលយើងគ្រប់គ្នាជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យពួកគាត់ចូលរួមការពារ សន្តិភាព ស្ថិរភាពនៅតាមមូលដ្ឋាន ទប់ស្កាត់រាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅតែមានការចញ្ចឹមចិត្ត មហិចតារបស់ខ្លួន ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ តាមរយៈបដិវត្តន៍ពណ៌ ព្រមទាំងណែនាំ អប់រំ ដល់គ្រប់សមជិកគណបក្សទាំងអស់ ត្រូវតែគោរពច្បាប់របស់ព្រះរាជណាចក្រកម្ពុជា ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា តាងនាមសម្តេចតេជោប្រធានគណបក្ស ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និ ក្នុងនាមសម្តេចផ្ទាល់ សូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម លោកជំទាវ អស់លោកលោកស្រីទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើសកម្មភាពនានាបម្រើឲ្យផលប្រយោជន៍ជាតិ និងប្រជាជន ដែលធ្វើឲ្យអត្ថិភាពនៃគណបក្សប្រជាជនកម្ពុជា រយៈពេល៧០ឆ្នាំ ជាគណបក្សចាស់ទុំផ្នែកនយោបាយ ព្រមទាំងបន្តអត្ថិភាពទៅថ្ងៃអនាគតទៀតជាមួយនឹងសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើនឥតគណនា ។

ក្នុងនោះដែរសម្តេចក៏បានលើកឡើងនូវកិច្ចការជាអាទិភាពមួយចំនួនសម្រាប់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃខេត្តសៀមរាប ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពអនុវត្តជាក់ស្តែងក្នុងឆ្នាំ២០២២ ឆ្ពោះទៅភាពជោគជ័យ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ។

ក្នុងនាម សម្តេចតេជោប្រធានគណបក្ស ក្នុងនាមថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខ សម្តេចអនុប្រធានគណបក្ស បានធ្វើការណែនាំអំពីកិច្ចការសំខាន់ៗមួយចំនួន លើការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស, និង ជម្រុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងបន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ,និង ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ ភូមិ ៕ ដោយ៖ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner