អង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៤០តោន ចែកជូនប្រជាពលរដ្ឋ ១០០០គ្រួសារ នៅខេត្តបាត់ដំបង

បាត់ដំបង ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៤០តោន ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០០គ្រួសារនៅទូទាំងខេត្តបាត់ដំបង និងដោយឡែកស្រុកថ្មគោលអង្ករចំនួន ៨តោន សម្រាប់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ។

ឯកឧត្តម វេង សាខុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងជាពិសេសបងប្អូនដែលទទួលរងផលប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩។

ឯកឧត្តមបន្តថា ជានិច្ចកាលសម្តេចតែងតែគិតគូ បារម្ភ ខ្វល់ខ្វាយអំពីទុក្ខលំបាក និងបញ្ហាជីវភាពរបស់បងប្អូនទាំងអ្នកឆ្លងជម្ងឺកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ និងនៅមន្ទីរពេទ្យ និងទាំងអ្នកមិនទាន់ឆ្លងក្តី។ មើលឃើញបញ្ហាទាំងអស់នេះ សម្តេចបានអនុញ្ញាតឲ្យរូបឯកឧត្តមនាំយកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយក្នុង ១គ្រួសារ អង្ករ ៤០គីឡូក្រាម ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងលើកទឹកចិត្តឲ្យបងប្អូនដែលទទួលរងផលប៉ះពាល់ផ្ទាល់ ត្រូវបង្កើនការខិតខំប្រឹងប្រែងខ្លួនឯងបន្ថែមទៀតលើការងារបង្កបង្កើនផល ពិសេសដំណាំជាស្បៀងប្រចាំថ្ងៃមាន ជីគ្រប់មុខ ស្កឹកគ្រៃ បន្លែស្លឹក ដំណាំហូបផ្លែ (ចេក ត្រសក់ ល្ហុង) ចិញ្ចឹមមាន់ និងត្រី ធ្វើយ៉ាងណាមានលទ្ធភាពដោះស្រាយ ផ្គត់ផ្គងតម្រូវការក្នុងគ្រួសារ ដោយមិនចាំបាច់ទៅចំណាយប្រាក់ក្នុងខណ:ស្ថានភាពជីវភាពក្នុងគ្រួសារកំពុងជួបបញ្ហា។ ដោយឡែកការងារចំបងដូចជាការងារស្រែ-ចម្ការ កម្មករ ឬមន្រ្តី ក៏ត្រូវបន្តធ្វើតាមគន្លងប្រក្រតីភាពថ្មី ដោយយកចិត្តទុកដាក់តាមស្ថានភាពជាក់ស្តែងដែលវាជាប្រភពចំណូលប្រចាំខែ។

ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញដល់មន្ទីរកសិកម្មខេត្តបាត់ដំបង ត្រូវពិនិត្យលទ្ធភាពបន្តដោះស្រាយជាគ្រាប់ពូជដំណាំ បន្លែ ត្រី និងមាន់ ជូនកសិករតាមការចាំបាច់ ហើយត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ បំណងស្វះស្វែងរកជំនួយបន្ថែម ដើម្បីយកមកជួយប្រជាកសិករឲ្យបានទាន់ពេលវេលា៕ ដោយ៖ ជា សេឌី (ប្រភពពីក្រសួងកសិកម្ម)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner