អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើមន្រ្តីពាក់ព័ន្ធ បង្កើនសមត្ថភាពទប់ស្កាត់ការនាំចូលសារធាតុគីមីផ្សំគ្រឿងញៀនពីក្រៅប្រទេស

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ បង្កើនសមត្ថភាពទប់ស្កាត់ សារគីមីផ្សំគ្រឿងញៀន ដែលនាំចូលពីក្រៅប្រទេស ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់សុខុមាលភាពសង្គម និងប្រទេសជាតិ។ ការស្នើបែបនេះ របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធគ្រប់គ្រង់ទំនាក់ទំនងឧប្បត្តិវហេតុសារធាតុគីមីផ្សំ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ។

នាឱកាសនោះដែរ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ក៏បានណែនាំទៅដល់មន្រ្តី និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះបទល្មើសផលិតគ្រឿងញៀន ជាពិសេសជនបរទេស ព្រោះមេខ្លោងជួញដូរគ្រឿងញៀន និងអង្គការចាត់តាំង ក្នុងនិងក្រៅប្រទេស ដែលផ្ដល់ឱកាសដល់ក្រុមឧក្រិដ្ឋជន មានលទ្ធភាពនាំចូលសារធាតុគីមីផ្សំ និងទីតាំងផលិតគ្រឿងញៀន ខណៈថ្មីៗសមត្ថកិច្ចបង្រាបបានគ្រឿងញៀនរាប់រយគីឡូ និងសារធាតុគីមីផ្សំរាប់តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានក្រើនរំលឹក ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យនៅតាមច្រកចេញចូល ជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងគោលដៅសំខាន់ៗដទៃផ្សេងទៀត ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ ការបង្ការ និងការបង្ក្រាបបទល្មើសគ្រឿងញៀន និងការនាំចូលសារធាតុគីមី ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

បើតាមលោក Fernando Romero Conteras អ្នកសម្របសម្រួលកម្មវិធី GRIDS បានបង្ហាញការមើលឃើញថា ប្រទេសកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ និងហានិភ័យខ្ពស់បណ្ដាលមកពីគ្រឿងញៀន។ បញ្ហានេះគឺដោយសារតែការកើនឡើងឥតឈប់ឈរនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់។

លោក Fernando Romero Conteras បានបន្តថា ជាក់ស្ដែងទោះបីចំនួនករណីគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនរាប់រយតោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗ ដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រជាដើម។

សូមជម្រាបថា ពេញមួយឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ៦ ២៤២ករណី ដោយឃាត់មនុស្សចំនួន ១៣ ៧៦៥នាក់ (ស្រី៨០២នាក់) ក្នុងនោះមានជនបរទេស ៣៦២នាក់ (ស្រី៤៥នាក់ មាន១៣សញ្ជាតិ)។

ក្នុងចំណោមករណីដែលបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ចំនួន ៤,៤១៥ករណី ដោយឃាត់មនុស្ស ៨,៥៤៩នាក់ (ស្រី ៥៧៣នាក់), ករណីប្រើប្រាស់ចំនួន ១,៧៩២ករណី ដោយឃាត់មនុស្ស ៥ ២០៧នាក់ (ស្រី ២២៤នាក់) និងអនុវត្ដន៍ដីកា ៤៩០ដីកា ឃាត់មនុស្ស ៤៤៥នាក់ (ស្រី ១៨នាក់)។ សារធាតុញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចរឹបអូសបានចំនួនជាង ៤,៤៣៥គីឡូក្រាម និងកញ្ឆា ៥២,២១៤ដើម, កញ្ឆាស្ងួតជាង ១៤១គីឡូក្រាម, សម្ភារចាប់យកមាន រថយន្ដ ១២៤គ្រឿង, ម៉ូតូ ១,៦៤៧គ្រឿង, ទូរស័ព្ទ ៥,៨៥៣គ្រឿង, ជញ្ជីង ៣៣៦គ្រឿង, អាវុធខ្លី ៤១ដើម, អាវុធវែង ៤២ដើម ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner