ក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ ទាក់ទងនឹងការលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីបំភ្លឺចំនួន ២ចំណុច នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ទាក់ទងនឹងការលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ។

ក្នុងសេចក្ដីបំភ្លឺ មានខ្លឹមសារទាំងស្រុងដូច្នេះថា៖

១/ បច្ចុប្បន្ន ឥណ្ឌូនេស៊ី គឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។ កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ី បានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយ ដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់។ គួរឱ្យសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើងគឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាមេរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការ ដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។

២/ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួល ជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជា បានឯកភាពជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការលើកពេលកិច្ចប្រជុំនេះ ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner