គិតត្រឹមដើមឆ្នាំ២០២២ រាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង ៣០០កន្លែង អគារខ្ពស់ៗជាង ១៦០០អគារ និងមានគម្រោងសង់ថ្មីជាង ១០០០គម្រោង ក្នុងទំហំទឹកប្រាក់ជាង ២,២៦ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និង អគារខ្ពស់ៗចំនួន ១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ហើយក្នុងឆ្នាំ២០២១កន្លងទៅ យើងទទួលបានតម្រោងសាងសង់ថ្មីៗ ពីវិស័យឯកជន ចំនួន ១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការលំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តថា គម្រោង តាមោកស៊ីធីលែន ដែលជាការបណ្តាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅរាជធានីភ្នំពេញនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ជាពិសេស គឺការខិតខំបង្កើនជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បី បណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម បានបញ្ជាក់ថា គម្រោងលំនៅឋាន-ដីឡូតិ៍តាមោកស៊ីធីលែន នឹងរួមចំណែកធ្វើឱ្យភាគខាងលិចឆៀងខាងជើងរាជធានីភ្នំពេញ កាន់តែមានសក្តានុពលប្រកួតប្រជែងក្នុងវិស័យអចលនទ្រព្យ លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងចូលរួមបំពេញ តម្រូវការទីផ្សារលំនៅឋានជូនប្រជាពលរដ្ឋ កាន់តែមានជម្រើសសម្បូរបែប ស្របពេលដែលតម្រោងអភិវឌ្ឍន៍ ទាំងផ្នែករដ្ឋ និងទាំងផ្នែកឯកជនជាច្រើន កំពុងតម្រង់ឆ្ពោះមករកតំបន់នេះ។

លោកជំទាវ ឧកញ៉ា អ៊ាន អេឡែន នាយិកាគម្រោងពាមោកស៊ីធីលែន បានបញ្ជាក់ថា ៖ លំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន មានផ្ទៃដីចំនួន ៤៤ហិកតា ជាប់ផ្លូវ ៦០ម៉ែត្រ និងមហាវិថីឈ្នះឈ្នះ មានចំងាយពីស្ពានព្រែកព្នៅ ៤គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner