ក្រុមហ៊ុនកូកា-កូឡាកម្ពុជាផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញ ដើម្បីជួយសម្រួលដល់ការប្រមូល និងកែច្នៃដបប្លាស្ទិកឡើងវិញ

ភ្នំពេញ៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញក្នុងគោលបំណងជួយសម្រួល និងជម្រុញដល់ការកែច្នៃសំបកវេចខ្ចប់ផលិតផលស្ព្រៃឡើងវិញ។

លោក DAVID WIGGLESWORTH អគ្គនាយកប្រតិបត្តិក្រុមហ៊ុនកូកា-កូឡាកម្ពុជា មានប្រសាសន៍ថា៖ យើងទទួលស្គាល់ថា សំណល់សំបកវេចខ្ចប់គឺជាបញ្ហាធំ និងជាបញ្ហាបន្ទាន់នៅទូទាំងពិភពលោក និងនៅកម្ពុជាផ្ទាល់។ ប៉ុន្តែបញ្ហានេះគឺជាបញ្ហាដែលយើងទាំងអស់គ្នាអាចដោះស្រាយបាន ហើយក្រុមហ៊ុនកំពុងប្រឹងប្រែងចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ។ ការផ្លាស់ប្តូរសំបកដបស្ព្រៃពីពណ៌បៃតងទៅជាដបថ្លា គឺជាវិធានការជាក់ស្តែងមួយសម្រាប់ម៉ាកយីហោរបស់យើង។

យើងទទួលស្គាល់ថា កិច្ចការនេះគឺជារឿងត្រឹមត្រូវដែលយើងត្រូវធ្វើដើម្បីអាជីវកម្ម និងបរិស្ថានរបស់យើង ពោលគឺដើរលើទិសដៅស្របគ្នាទៅនឹងចក្ខុវិស័យពិភពលោកគ្មានសំរាមរបស់យើង។ ចក្ខុវិស័យនេះ សំដៅជួយប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងក្នុងបរិមាណសមមូលទៅនឹងសំបកដបប្លាស្ទិក និងកំប៉ុងទាំងអស់ដែលយើងបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ២០៣០។

អ្វីដែលកំពុងផ្លាស់ប្តូរនេះគឺពណ៌របស់សំបកវេចខ្ចប់។ រីឯផលិតផលស្ព្រៃ នឹងនៅតែបន្តផ្តល់ជូននូវរសជាតិក្រូចឆ្មារឆ្ងាញ់ពិសារដែលអតិថិជនតែងតែនិយមចូលចិត្តដដែល ។ ផលិតផលស្ព្រៃ ត្រូវបានដាក់លក់នៅលើទីផ្សារជាមួយនឹងសំបកវេចខ្ចប់ពណ៌បៃតងចាប់តាំងពីផលិតផលនេះត្រូវបានដាក់លក់ជាលើកដំបូង នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៦១ និងក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩៣ ។ ផលិតផលស្ព្រៃសំបកដបប្លាស្ទិកថ្លាថ្មីនេះ មានលក់ក្នុងចំណុះ ១,៥លីត្រ ដែលនឹងរក្សារសជាតិឆ្ងាញ់ស្រស់ស្រាយពិសេសដូចដើម ហើយអតិថិជនអាចរកទិញបាននៅតាមបណ្តាដេប៉ូចែកចាយផ្សេងៗនៅទូទាំងប្រទេស។

គំនិតផ្តួចផ្តើមលើការប្តូរពណ៌សំបកដបក្នុងប្រទេសកម្ពុជានេះធ្វើឡើងទន្ទឹមគ្នាជាមួយបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អឺរ៉ុបភាគខាងលិច សហរដ្ឋអាមេរិក និងអាស៊ាន។

នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ ដែលមានសំបកដបដំបូងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក កូកា-កូឡា កម្ពុជា បានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០តោន។ ទន្ទឹងនឹងនេះដែរ ក្រុមហ៊ុនក៏ជួយបង្កើនការយល់ដឹងរបស់សហគមន៍អំពីការបែងចែកប្រភេទសំរាមឱ្យបានត្រឹមត្រូវ និងកែច្នៃសំណល់ឡើងវិញតាមការសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការដាក់ពង្រាយធុងសំរាមជាង ៩០០ធុង នៅតាមទីសាធារណៈ ផ្សារ សាលារៀននានាជាង ១២០ទីតាំងនៅទូទាំងប្រទេសរួចមកហើយ។

ក្រុមហ៊ុនក៏មានគំនិតផ្តួចផ្តើមមួយទៀត ហៅថា «ផ្តល់ជីវិតទី២ដល់ប្លាស្ទិករុំទំនិញ» ដែលលើកទឹកចិត្តឱ្យអ្នកលក់ដុំ និងអ្នកលក់រាយប្រគល់ស្បោងប្លាស្ទិករុំកេសភេសជ្ជៈមកឱ្យក្រុមហ៊ុនវិញសម្រាប់កែច្នៃឡើងវិញ។ ដើម្បីស្វែងយល់បន្ថែមអំពីគំនិតផ្តួចផ្តើមពិភពលោកគ្មានសំរាមរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សូមចូលទៅកាន់គេហទំព័រ ឬតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner