ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន ពីការហាមឃាត់ការសាងសង់ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាត

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូន លោក លោកស្រីប្រធានក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការ សាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចឡើយ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដែលបណ្តាញអប្សរាព័ត៌មាន (AMS) ទទួលបាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់ថា សកម្មភាពទាំងនេះជាអំពើខុសច្បាប់ ព្រោះគម្រោងសាងសង់សំណង់នោះមិនមានប្លង់ស្ថាបត្យកម្ម និង ប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច ដែលអាចបង្កឱ្យ ប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាតម្លាត សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឱ្យមានវិវាទ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះត្រួតពិនិត្យ បទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការដកហូតអាជ្ញាបណ្ណឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សាងសង់ និងការដាក់ទណ្ឌកម្មផ្សេងៗទៀតចំពោះក្រុមហ៊ុនឬក្រុមជាងរបស់ លោក លោកសី ដូចជា ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្នើសុំការរឹបអូសសម្ភារៈ បរិក្ខារ និងឧបករណ៍ផ្សេងៗទៀត ។

ការផ្តន្ទាទោសពិន័យជាប្រាក់ ការផ្តន្ទាទោសដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុនឬក្រុមជាង ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស និងការផ្សាយសេចក្តីសម្រេចផ្តន្ទា ទោសជាសាធារណៈ ៕ ប្រភព ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner