អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ច្រានចោល​ចំពោះ​ការផ្សព្វផ្សាយ​របាយការណ៍​របស់ CCIM

ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ច្រានចោល​ចំពោះ​ការផ្សព្វផ្សាយ​របាយការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុ​ជា​ ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)​ស្ដីពី​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២​នេះ​ថា សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ បាន​ធ្លាក់ចុះកាន់តែ​អាក្រក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០​កន្លងទៅ​។

ឯកឧត្តម មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់ AMS នៅ​ថ្ងៃទី​១៣ ខែមីនា​នេះ​ថា “​ការកត់ត្រា​នូវ​ទិន្នន័យ​ចំពោះ​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​ហើយ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​នោះ គឺ​មិនបាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ហើយ​មិនបាន​ផ្ទៀងផ្ទាត់​ទៅតាម​ករណីនីមួយៗ ទៅតាម​អង្គហេតុ និង​អង្គច្បាប់​នោះទេ គឺជា​ការកត់ត្រា​ទៅលើ​បរិមាណ​ដោយ​មិនបានធ្វើការសិក្សា​វាយតម្លៃថា​តើ​ករណី​នីមួយៗ​នោះ ​វា​មាន​អង្គហេតុ​ និង​អង្គច្បាប់​ដូចម្តេច​? ​ហើយ​ថា​តើ​ករណី​នី​មួយៗ​នោះ​ត្រូវបាន​ដោះស្រាយ​ ឬក៏​មានដំណើរ​ការ​វិ​ឌ្ឍ​ន៍​ទៅដល់​នោះ​ហើយ​?​។​ តែ​វា​ជាការ​កត់​ត្រាតែ​បរិមាណ​ដោយ​មិនបាន​ធ្វើការ​ផ្ទៀងផ្ទាត់​ធ្វើការ​សិក្សា​ឲ្យ​លម្អិត​និង​ច្បាស់លាស់​ទៅតាម​ករណី​នីមួយៗ​នោះទេ​។

អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា ការអនុវត្ត​នីតិវិធី​ផ្លូវច្បាប់​ទៅលើ​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ ​ប្រព្រឹត្ត​ប្រាសចាក​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុងនាម​ជា​អ្នកសារព័ត៌មាន ​វា​ពុំមែន​ជាការ​រឹត​ត្បិតសិទ្ធិសេរីភាព ពុំមែន​ជាការ​គំរាមកំហែង​ ឬ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នកសារព័ត៌មាន​នោះទេ​។​ អ្នកសារព័ត៌មាន​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​អ្នក​ប្រកប​វិជ្ជាជីវៈ​ដទៃទៀត​ដែរ​ នៅពេលដែល​ពួកគាត់​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ប្រព្រឹត្ត​ប្រាសចាក​នឹង​ក្រមសីលធម៌ វិជ្ជាជីវៈ ពួកគាត់​គឺ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​​។​

អ្នកនាំពាក្យ​ដដែល​បាន​បន្តថា វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺមាន​ការរីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ជាក់ស្តែង​សង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយ​បែប​ប្រពៃណី ទាំង​បែប​ទំនើប មានការ​រីកចម្រើន​ទាំង​វិសាលភាព​ និង​មធ្យោបាយ​នៅ​ក្នុងការ​ផ្តល់ព័ត៌មាន​ជូនទៅ​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​ឱ្យបានទទួល​ព័ត៌មាន​នឹង​ហេតុការណ៍ ព្រឹត្តិការណ៍ ក៏ដូចជា​ព័ត៌មាន​ផ្សេងៗ​ដែលកើត​នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅក្នុង​ពិភពលោក​ទាំងមូល​។

ឯកឧត្តម មាស សុ​ភ័​ណ្ឌ បាន​បន្តថា បើ​ពិនិត្យ​ទៅលើ​ចំនួននៃ​អង្គភាព​ផ្សព្វផ្សាយ​នៅពេល​បច្ចុប្បន្ននេះ​ឃើញថា មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ឧទាហរណ៍​ជាក់ស្តែង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមបែប​ទំនើប​ផ្សព្វផ្សាយ​តាម អ៊ីនធឺណិត មាន​គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ បើ​គិតត្រឹម​ដំណាច់ឆ្នាំ​២០២១នេះ គឺមាន​ការកើនឡើងរ​ហូត​ទៅ ដល់៧៨៧​អង្គភាព ហើយ​ចំនួន​នេះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ គឺមាន​ការកើនឡើង​ទៅ​ដល់១១៨​អង្គភាព​ផងដែរ​។ ក្រៅពីនោះ​ឃើញថា ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​មាន​ទាំង​វិទ្យុ ទូរទស្សន៍ ទស្សនា​វ​ដ្តី ជាច្រើន​ផងដែរ​ក៏​កំពុងតែ​បម្រើការ​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​សម្បូរបែប​ទៅដល់​ប្រជាជន​ហើយ​ចំនួន​អ្នកសារព័ត៌មាន​ទាំង​ជាតិ​ និង​អន្តរជាតិ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​ក៏មាន​ការកើនឡើង​ផងដែរ​។ ជាក់ស្តែង​នៅក្នុង ឆ្នាំ​២០២១ សង្កេតឃើញថា អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ប្រមាណ​ជិត៦​ពាន់នាក់ កំពុងតែ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន​នៅក្នុង​ការផលិត និង​ផ្សព្វផ្សាយ​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ទាំងក្នុង និង​ក្រៅប្រទេស​ផងដែរ​។ ទាំងនេះ​អាច​បញ្ជាក់​ផងដែរ​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន ក៏ដូចជា​បរិយាកាស នៃ​ការអភិវឌ្ឍ​វិជ្ជាជីវៈ​សារព័ត៌មាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ការរីកចម្រើនហើយ​កាន់តែ​ប្រសើរឡើង​ដែល​អាច​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋទទួលបាន​ព័ត៌មាន​ពី​គ្រប់​និន្នាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​ដែល​អាចជួយ​ជា​ផលប្រយោជន៍​ទៅដល់​ពួកគាត់​នៅក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​ផងដែរ​៕
ដោយ៖ពលជ័យ

ads banner