រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូខ្ទាតជាច្រើនម៉ែត្របណ្តាលឲ្យបុរសម្នាក់បោកផ្ទប់នឹងបង្គោលភ្លើងថ្មស្លាប់មួយរំពេច

ភ្នំពេញ  ៖  បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ  បន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹងខ្ទាតទៅបោកផ្ទប់នឹងបង្គោលភ្លើងថ្ម ឯរថយន្តបានបើករត់គេចខ្លួនបាត់ កាលពីមាលាម៉ោង១២ និង ១០ នាទីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ ២៥៣ កែងនឹងផ្លូវ ១៩២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។ 

 បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឃ្លិកពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1IV-6788ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដើរណើតាមបណ្ដោយផ្លូវ២៥៣ ទិសដៅពីត្បូងទៅជើង បុកម៉ូតូពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវប្រមាណជា ៣០ម៉ែត្រ ឯជនរងគ្រោះខ្ទាតទៅបោកផ្ទប់នឹងបង្គោលភ្លើងថ្មបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ភ្លាមនោះរថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ 

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ម៉ោងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងទូរសព្ទទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក  ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ  ៖  ជីម  ភារ៉ា
ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner