អ្នកនាំពាក្យក្រសួងព័ត៌មាន បដិសេធចំពោះការចោទប្រកាន់របស់សមាគមសារព័ត៌មានខេមបូចា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ប្រាប់ AMS ថា ពាក់ព័ន្ធទៅនឹងការថ្កោលទោសរបស់សមាគមសារព័ត៌មានខេមបូចា បានចោទប្រកាន់ថា អ្នកសារព័ត៌មាន VOD ពីររូប ត្រូវបានគំរាមកំហែងដោយកម្លាំងអាជ្ញាធរ មិនឱ្យថតរូប និងបង្ខំឱ្យលុបរូបភាព ក្នុងអំឡុងពេលយកព័ត៌មានអំពីការបន្តធ្វើកូដកម្មនៅណាហ្គាវើលដ៍ ជារឿងមិនពិតដូចការចោទប្រកាន់នោះទេ។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា បើតាមការរាយការណ៍របស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ ដោយបានបញ្ជាក់ជាមួយលោកស្នងការរងទទួលបន្ទុកកិច្ចការនៅទីតាំងនោះ បានបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួននៅទីតាំងនោះ អ្នកការសែតនោះ បានចូលទៅក្នុងក្រុមបាតុករ ហើយសមត្ថកិច្ចស្មានថា ពួកគាត់ជាក្រុមបាតុករ ដែលសមត្ថកិច្ចតម្រូវឱ្យឡើងរថយន្តដើម្បីទៅធ្វើចត្តាឡីស័ក ប៉ុន្តែនៅពេលលោកស្នងការរងចុះទៅពិនិត្យ និងសួរនាំទើបដឹងថាជាអ្នកសារព័ត៌មាន ហើយក៏មិនបានតម្រូវឱ្យឡើងរថយន្តដើម្បីធ្វើចត្តាឡីស័កនោះទេ។ សមត្ថកិច្ចពុំបានគំរាមកំហែងឱ្យលុបរូបភាពនោះទេ។ កាលដែលអ្នកកាសែតនោះលើកឡើងថា សមត្ថកិច្ច គំរាមកំហែងឱ្យលុបរូបភាពនោះ វាជារឿងមិនពិតនោះទេ នេះជាការចោទប្រកាន់របស់ពួកគាត់មកលើសមត្ថកិច្ចតែប៉ុណ្ណោះ។ ដូច្នេះ សមត្ថកិច្ចមិនបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនេះទេ ហើយករណីនេះ ក៏មិនអាចចោទប្រកាន់សមត្ថកិច្ចថា បានគំរាមកំហែង ឬធ្វើទុក្ខបុកម្នេញដល់អ្នកកាសែតនោះដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ផងដែរថា ការអនុវត្តសិទ្ធិសេរីភាព និងការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន ត្រូវបានធានាការពារដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ដូច្នេះ ឯកឧត្តម សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមប្រើសិទ្ធិនេះឱ្យបានត្រឹមត្រូវតាមច្បាប់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងគោរពឱ្យបានជានិច្ចនូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងមិនគួរគប្បីប្រើប្រាស់សិទ្ធិនេះទៅបំពានដល់សិទ្ធិ និងតួនាទីភារកិច្ចរបស់អ្នកដទៃនោះឡើយ និងសូមអំពាវនាវផងដែរ សូមឱ្យអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់បន្តពង្រឹងនូវកិច្ចសហការល្អ និងឈរលើស្មារតីខ្ពស់ក្នុងការគោរពសិទ្ធិគ្នាទៅវិញទៅមក៕
ដោយ៖ពលជ័យ