អនុប្រធានទី១ នៃរដ្ឋសភាស្នើមេឃុំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អដើម្បីទទួលបានការគាំទ្រពីការបោះឆ្នោតនាពេលខាងមុខ
នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែងដោយមានការចូលរួមពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ក្រោមជាតិ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋស្រុកពាមជរចំនួន ១៩០នាក់រួមទាំងបេក្ខជនត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ដែលប្រារព្ធធ្វើនៅស្រុកពាមរក៍ខេត្តព្រៃវែង។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប
បានផ្ដល់អនុសាសន៍ដល់គណៈកម្មាធិការបក្សឃុំ សាខា អនុសាខា ក្រុមបក្ស មន្ត្រី និងសមាជិកគណបក្សគ្រប់រូប ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លឹះ មានជំហររឹងមាំខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំងនានា មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវតាមឋានានុក្រម ចុះជាប់ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍ទទួលខុសត្រូវ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងតម្លាភាពបេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ត្រូវបែងចែកកម្លាំងចុះតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពលរដ្ឋឱ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យើងចាប់ពីពេលនេះតទៅ។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋនៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត តាមរយៈគំរូវីរភាពក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ការយកអាយុជីវិតធ្វើជាដើមទុនក្នុងការរំដោះពីការសម្លាប់រង្គាលក្នុងរបបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាមដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយណាមួយទ្បើយ ដែលផ្ទុយពីអ្នកនយោបាយជ្រុលនិយមមួយចំនួន តែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះ ដើម្បីកេងចំណេញមហិច្ឆិតានយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់របស់ប្រជាពលរដ្ឋឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានឧបត្ថម្ភថវិកាជូនសមាជិកចូលរួមក្នុងអង្គពិធីចំនួន ១៩០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៥,០០០រៀល មន្ទីរគណបក្សឃុំ ២០០,០០០រៀល មន្ទីរគណបក្សស្រុក ៥០០,០០០រៀល និងមន្ទីរគណបក្សខេត្ត ៣០០,០០០រៀល ៕ ដោយ ៖ ហេង សម្បត្តិ


