ឯកឧត្តម រ័ត្ន វិរៈ អញ្ជើញចុះពិនិត្យ ការងារអភិវឌ្ឍ និងជីវភាពសមាជិកបក្សក្នុងមូលដ្ឋាន ឃុំព្រះធាតុ
ត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វិរៈ ប្រធានលេខាធិការដ្ឋានក្រុមការងារគណបក្សស្រុក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំឃុំ និងសមាជិកក្រុមប្រឹក្សាក្នុងដំណែង និងបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិថ្មីដើម្បីពង្រឹង និងជំរុញការអនុវត្តការងារគណបក្សក្នុងមូលដ្ឋានឃុំព្រះធាតុឱ្យកាន់តែសកម្មនិងមានប្រសិទ្ធភាព រួមមាន ការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស, ការចុះសួរសុខទុក្ខនៅតាមខ្នងផ្ទះ ក៏ដូចជាការធ្វើអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទាល់លំបាក។
បន្ទាប់មក ឯកឧត្ដមរ័ត្ន វិរៈ សហការី និងថ្នាក់ដឹកនាំមូលដ្ឋាន បានចុះពិនិត្យការដ្ឋានសាងសង់អាគាសិក្សាថ្មីចំនួន២ខ្នង (ក្នុង១ខ្នងមាន៥បន្ទប់) ដែល១ខ្នងសិក្សាស្ថិតក្នុងសាលាបឋមសិក្សាដើមកកោះ ក្នុងភូមិទួលព្នៅ និង ១ខ្នងទៀតស្ថិតនៅក្នុងសាលាបឋមសិក្សាថ្នល់កែងព្រះធាតុ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
នៅរសៀលថ្ងៃដដែល ឯកឧត្តម រ័ត្ន វិរៈ រួមទាំងសហការីនិង ថ្នាក់ដឹកនាំឃុំព្រះធាតុ បានចុះពិនិត្យទីតាំងស្តារប្រឡាយប្រវែងប្រមាណ១២០០ម៉ែត្រ និងទីតាំងសាងសង់ប្រឡាយថ្មីប្រវែងប្រមាណ៣០០០ម៉ែត្រ។
សូមជម្រាបថា ប្រឡាយដែលធ្វើការស្តារឡើយវិញមានប្រវែងប្រហែល១២០០ម៉ែត្រ គឺចាប់ផ្តើមស្តារពីទំនប់តាអៀង ដែលស្ថិតនៅភូមិភ្នំ រហូតដល់ទួលអ្នកតា ស្ថិតនៅភូមិត្រពាំងនាង ឃុំព្រះធាតុ ។ ដោយឡែកប្រឡាយដែលកំពុងនឹងសាងសង់ថ្មីមានប្រវែងប្រមាណ៣០០០ម៉ែត្រ ដែលស្ថិតនៅភូមិថ្នល់កែង រហូតដល់ទន្លេស្ងួត ភូមិព្រះធាតុថ្មដា ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម រ័ត្ន វិរៈ ក៏អញ្ជើញជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ដើម្បីសិក្សាស្វែងយល់អំពីសក្តានុពល ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើនភាពសិ្នតស្នាលជាមួយរបស់ប្រជាពលរដ្ឋ និងរួមគ្នារកវិធីដោះស្រាយនូវបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យបានកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន វិរៈ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ជូនដល់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានផងដែរ ៕ ដោយ / គ្រី សម្បត្តិ
![](https://asset.ams.com.kh/central/media/photo_2022-03-14_07-53-54-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_07-53-58-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_07-54-01-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_07-54-04-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_07-54-07-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_07-54-11-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_07-54-14-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_07-54-18-1024x768.jpg)