Cambodia2050 Ep37: សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ថាតើរុស្ស៊ី និងអ៊ុយក្រែនបញ្ចប់ជម្លោះដោយវិធីណា

សំនួរ៖ ប្រធានបទរបស់យើងថ្ងៃនេះ យើងននិយាយទាក់ទនទៅនឹង  សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ថាតើ រុស្ស៊ី និងអ៊ុយក្រែន បញ្ចប់ជម្លោះដោយវិធីណា ឬក៏បន្តទៅដោយវិធីណាផងដែរ។ យើងឃើញថា ប៉ុន្មានថ្ងៃនេះគឺមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងនោះ លោកពូទីនបានប្រកាសជាសាធារណៈមួយផងដែរថា ប្រសិនបើអ៊ុយក្រែនយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ី ក៏ដូចជាព្រមទម្លាក់អាវុធចុះនោះ គឺរុស្ស៊ីនឹងអាចដកការវ៉ៃប្រហារ ឬក៏មាននីតិវិធីផ្សេងៗ ក៏ប៉ុន្តែនៅក្នុងនោះផងដែរ រុស្ស៊ីបានទាមទារតំបន់កាន់កាប់មួយចំនួនពីទឹកដីអ៊ុយក្រែនផងដែរ សម្រាប់ស្ថានភាពបែបនេះ ថាតើលោកយល់ឃើញយ៉ាងណាដែរ ទាក់ទងទៅនឹងការទាមទាររបស់រុស្ស៊ីហើយ ថាតើការទាមទារនេះវាអាចទៅរួចដែរឬទេ? បើទៅរួចទៅរួចដោយវិធីណា ហើយបើទៅមិនរួចវានឹងមានអ្វីកើតឡើងផងដែរ។

សង្គ្រាមនៅអ៊ុយក្រែន បើគិតមកដល់ពេលនេះវាជាងពីរសប្តាហ៍មកហើយ ដែលបណ្ដាលឱ្យមានការកើនឡើងប្រជាជនភាសខ្លួនជាង ២ លាននាក់គិតមកត្រឹមពេលនេះ ហើយជនភាសខ្លួនជាងពាក់កណ្ដាលបានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ហើយភាគីរុស្ស៊ី និងអ៊ុយក្រែនបានចរចាសម្របសម្រួលបើកផ្លូវបន្ថែមទៀត  ឱ្យជនភាសខ្លួនចាកចេញពីតំបន់សមរភូមិផងដែរ។ ភាគីរុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងដកទ័ពចេញពីអ៊ុយក្រែន ប្រសិនបើអ៊ុយក្រែនព្រមតាមលក្ខខណ្ឌធំៗរបស់ខ្លួន ដែលបានទាមទារចំនួនបីរួមមាន ទីមួយអ៊ុយក្រែនត្រូវទទួលស្គាល់តំបន់គ្រីមា ជាទឹកដីរបស់រុស្ស៊ី ទីពីរ អ៊ុយក្រែនត្រូវទទួលស្គាល់ឯករាជ្យរបស់ ដូណេត និង លូហ្គាន ថាជាសារធារណៈរដ្ឋថ្មី និង ទីបី អ៊ុយក្រែងត្រូវសន្យាថា អ៊ុយក្រែននឹងមិនចូលជាសមាជិកអង្គការណាតូនោះទេ។ ចំពោះរឿងនេះ ខ្ញុំយល់ឃើញថា ការទាមទាររបស់រុស្ស៊ី ជារឿងដែលលោកប្រធានាធិបតីអ៊ុយក្រែន ពិបាកនឹងទទួលយកបានណាស់ដោយសារតែ តាំងពីឆ្នាំ 1991 រហូតមកដល់ពេលនេះ អ៊ុយក្រែនទទួលបានឯករាជ្យពីសហភាពសូវៀត ហើយទឹកដីគ្រីមា ដូណេត និងលូហ្គានជាទឹករបស់អ៊ុយក្រែន ហើយការទាមទាររបស់រុស្ស៊ី ជារឿងដែលលោក Zalansky រួមទាំងពិភពលោកទាំងមូល មិនអាចទទួលយកបាននោះទេ។ ទីពីរ ការបោះបង់សង្គ្រាមនេះ ប្រសិនបើលោក Zalansky បោះបង់គាត់នឹងរងសម្ពាធនយោបាយក្នុងស្រុករបស់គាត់ យ៉ាងធន់ធ្ងរ ដោយបាត់បង់ការគាំទ្រពីប្រជាជនអ៊ុយក្រែន។ មុនសង្គ្រាមផ្ទុះឡើងប្រជាប្រិយភាពរបស់លោក Zalansky រវាងពី 27% ទៅ 31% ប៉ុណ្ណោះគិតត្រឹមថ្ងៃទី 21 ខែធ្នូ ឆ្នាំ2021 រហូតមកទល់ពេលនេះ គាត់ទទួលបានការគាំទ្រកើនឡើងរហូតដល់ 90% ពីប្រជាជន នឹងត្រូវបានគេហៅថា ជាវីរបុរសសង្គ្រាមទៀតផង។ ចំណុចទីបី ខ្ញុំយល់ឃើញថា ប្រសិនជាលោក Zalansky យល់ព្រមវាប្រៀបបានគាត់ព្រមបោះបង់ចោរ សេរីភាពនិងឯករាជ្យ ក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយ។ សង្គ្រាមនៅ ហ្សកហ្ស៊ី បានកើតឡើងក្នុងរូបភាពដូចគ្នា ទៅនឹងអ្វីដែលកើតឡើងនៅអ៊ុយក្រែនដែរ ដែលវាបានចាប់ផ្ដើមកើតឡើង ដោយសង្រ្គាមស៊ីវិលបង្កឡើងដោយក្រុមផ្ដាច់ខ្លួន ក្រោយមករុស្ស៊ីបានប្រកាសទទួលស្គាល់ក្រុមផ្ដាច់ខ្លួន និងខេត្តចំនួនពីរនៅភាគខាងត្បូង និងបានលើកកងទ័ពឈ្លានពាន ហ្សកហ្ស៊ី ដែលសង្គ្រាមនោះមានរយៈពេលត្រឹម 5 ថ្ងៃប៉ុណ្ណោះ រស្ស៊ីបានយល់ព្រមដកទ័ពចេញពីហ្សកហ្ស៊ី នៅពេលដែលរដ្ឋាភិបាលហ្សកហ្ស៊ីទទួលស្គាល់ថា តំបន់កាន់កាប់ជាក់ស្តែង ឬ រដ្ឋាភិបាលកាន់កាប់ជាក់ស្ដែងនៅខេត្តទាំងពីរនោះ នឹងបានដាក់កងទ័ពរបស់ខ្លួននៅទីនោះ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ តាំងពីនោះមក យើងសង្កេតឃើញថា រដ្ឋាភិបាលហ្សក់ស៊ីហាក់មិនបានបង្ហាញជំហរ ពីការខិតខំ ឬក៏ការព្យាយាមចូលជាសមាជិកអង្គការណាតូទៀតទេ។ ខ្ញុំយល់ឃើញថា រុស្ស៊ីចង់បានពីអ៊ុយក្រែនគឺចង់បានដូចគ្នានេះដែរ។

សំនួរ៖ យើងឃើញថា ប៉ុន្មានថ្ងៃនេះមានការអំពាវនាវពីប្រធានាធិបតីរបស់អ៊ុយក្រែន ទៅកាន់បណ្ដាលសហភាពអឺរ៉ុប ក៏ដូចជាអង្គការណាតូធ្វើយ៉ាងណាដើម្បីបញ្ឈប់ជើងហោះហើររបស់រុស្ស៊ី នឹងបានស្នើសុំឲ្យមានការបិទដែនអាកាសចូលទៅក្នុងទឹកដីអ៊ុយក្រែន ប៉ុន្តែយើងឃើញថា អង្គការណាតូបមិនបានយកព្រម ឬក៏ឆ្លើយតបនៅក្នុងការស្នើសុំរបស់លោកនោះទេ ដោយសារតែអង្គការណាតូគឺគេមានលក្ខខណ្ឌរបស់អង្គការ ក៏ដូចជាបណ្ដាប្រទេសដែលជាសមាជិកសុភាពរបស់អង្គការណាតូ ហើយក្នុងនោះផងដែរលោក Zalansky បានខកបំណងទាក់ទងទៅនឹងបញ្ហាទាំងអស់នេះ ហើយលោកបានលើកឡើងថា អង្គការណាតូនេះបានបដិសេធ ទើបធ្វើឲ្យរុស្ស៊ីកាន់តែមានកម្លាំងវ៉ៃបកមកកាន់ អ៊ុយក្រែកានតែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋអ៊ុយក្រែនដែលគ្មានកំហុសអ្វីទាល់តែសោះនោះ ត្រូវបានរងគ្រោះ ហើយបានបំផ្លាញនៅទីក្រុងធំៗ ថាតើទាក់ទងទៅនឹងបញ្ហាអស់ទាំងនេះ លោកយល់ឃើញយ៉ាងណាដែរ?

ដូចដែលយើងបានដឹងរួចហើយថា អង្គការណាតូផ្ដល់ការការពារ សម្រាប់តែសមាជិករបស់ខ្លួនតែប៉ុណ្ណោះ ខណៈពេលនេះអ៊ុយក្រែនមិនមែនជាសមាជិករបស់អង្គការណាតូនៅឡើយទេ ទាក់ទងទៅនឹងសំណើរបស់លោកប្រធានាធិបតីអ៊ុយក្រែន ឱ្យអង្គការណាតូបញ្ឈប់ជើងហោះហើររបស់រុស្ស៊ី ជាពិសេសយន្តហោះចម្បាំងរបស់រុស្ស៊ី ជារឿងដែលអង្គការណាតូពិបាកទទួលយកបាន ការបញ្ឈប់ជើងហោះហើររបស់រុស្ស៊ីមានន័យថា ជាការបាញ់កម្ទិចជើងយន្តហោះរបស់រុស្ស៊ី ឬក៏ការគម្រាមបាញ់កម្ទិចជើងយន្តហោះរបស់រុស្ស៊ី ហើយកត្តានេះនឹងរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងរុស្ស៊ី និងណាតូ វាអាចនាំឱ្យមានសង្គ្រាមដោយផ្ទាល់រវាងភាគីទាំងពីរ ដូច្នេះអង្គការណាតូមិនអាចយល់ព្រមទៅតាមសំណើរបាននោះទេ ហើយនៅពេលថ្មីៗនេះ រដ្ឋាភិបាលប៉ូឡូញបានបញ្ជាក់ជាថ្មីផងដែរថា អង្គការណាតូ មិនមែនជាភាគីជម្លោះនោះទេ ហើយនៅពេលដែលអ្នកកាសែតចោទសួរលោក ពីការផ្ដល់យន្តហោះចម្បាំងរបស់អង្គការណាតូដែលមានមូលដ្ឋាននៅប្រទេសប៉ូឡូញ លោកបានឆ្លើយថា អង្គការណាតូ មិនទាន់បានសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែននៅឡើយទេ គឺគេត្រូវមានការប្រជុំជាមុនសិន។

សំនួរ៖ ដោយឡែក ទាក់ទងទៅនឹងបញ្ហាអស់ទាំងនេះ សម្រាប់ទស្សនៈរបស់លោក ថាតើអ៊ុយក្រែនមើលទៅអាចងើបផុតពីក្រញ៉ាំមហាអំណាចរុស្ស៊ីនេះបានដែរឬទេ? ប្រសិនបើមិនបាន នឹងរងផលប៉ះពាល់អ្វីខ្លះ? សំណួរភ្ជាប់គ្នានោះផងដែរ ខ្ញុំចង់ឲ្យលោកជម្រាបជូនថា ប្រសិនបើរុស្ស៊ីមិនបានវាយឈ្នះ ឬក៏លេបត្របាក់យកអ៊ុយក្រែនបានសម្រេច ថាតើវាជះឥទ្ធិពលរវាងមហាអំណាចសេរី និងកុម្មុយនីសវាមានភាពខុសគ្នាយ៉ាងណា ប៉ះពាល់ទៅដល់ប្រទេសសេរីដែរឬទេ ថាតើពិភពលោកនិងជាឥទ្ធិពលទៅក្នុងមនោគមវិទ្យានៃនយោបាយយ៉ាងណាដែរ?

សង្រ្គាមនេះអាចក្លាយជាសង្គរាមឈ្លប អូសបន្លាយពេលយូរ ដូចអាមេរិកធ្លាប់បានផុងជើងនៅអ៊ីរ៉ាក់ ឬ អាហ្គានីស្ថានផងដែរ។ សង្គ្រាមនៅអ៊ុយក្រែន វាអាចជាសង្គ្រាមមួយនៃការដណ្ដើមឥទ្ធិពល រវាងរុស្ស៊ីនិងលោកខាងលិច សង្គ្រាមនេះប្រសិនបើអ៊ុយក្រែនមិនព្រមចុះចាញ់ រុស្ស៊ីក៏មិនសុខចិត្តបោះបង់សង្គ្រាមនោះចោលដោយទទេៗនោះដែរ ដោយសារតែខ្លួនជាមហាអំណាច ហើយទីពីរគឺមូលហេតុដើម្បី ការការពារសន្តិសុខរបស់ខ្លួន ពីការគម្រាមណាមួយពីអង្គការណាតូនៅពេលអនាគតផងដែរ កន្លងមកលោក Zalansky ធ្លាប់បានលើកឡើងថា សង្រ្គាមនេះគឺជាសង្រ្គាមដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែខ្ញុំយល់ឃើញថា ការលើកឡើងនេះ គ្រាន់តែជាការអូសទាញកម្លាំងពីលោកខាងលិច ឲ្យចូលរួមជាមួយខ្លួនប៉ុណ្ណោះ.។ អ៊ុយក្រែនជាប្រទេសមួយដែលមានព្រំដែនជាប់ជាមួយនិងប្រទេសរុស្ស៊ី ហើយយើងឃើញថា ប្រទេសជាច្រើនផ្សេងទៀត បានក្លាយជាសមាជិកណាតូទៅហើយ ខ្លះក៏ជាសមាជិករបស់សហភាពអឺរ៉ុបផងដែរ ហើយឥទ្ធិពលរុស្ស៊ីបានបាត់បង់ច្រើនណាស់មកហើយ ហើយក៏ស្ទើរតែបាត់បង់ទាំងស្រុងនៅប៉ែកខាងអ៊ឺរ៉ុបនេះ អ៊ុយក្រែននិងហ្សក់ហ្ស៊ី បើយើងមើលទៅប្រៀបបានទៅនឹងសមរភូមិចុងក្រោយរវាងរុស្ស៊ីនិងណាតូ។ ដូច្នេះការចាញ់សង្គ្រាមនៅអ៊ុយក្រែន វាមិនប៉ះពាល់ធ្ងន់ធ្ងរទៅដល់ឥទ្ធិពលមហាអំណាចខាងលិចនោះទេ ដោយសារតែមហាអំណាចខាងលិចបានក្តោបយកសឹងតែទាំងស្រុងទៅហើយឋ នេះជាការយល់ឃើញរបស់ខ្ញុំ។

សំនួរ៖  អញ្ចឹង ទោះបីជារុស្ស៊ីលេបត្របាក់អ៊ុយក្រែន បានមួយរយភាគរយក៏ដោយ ទាក់ទងទៅនឹងការទាមទាររបស់ខ្លួន ក៏មានន័យថាមិនមានផលប៉ះពាល់ទៅដល់មហាអំណាចសេរី ប៉ែបលោកខាងលិចទេ ត្រឡប់មកវិញ យើងឃើញថា បញ្ហាអស់ទាំងនេះមតិសាធារណៈ ក៏ដូចជាអ្នកវិភាគមួយចំនួនបានលើកឡើងតាមបណ្ដាញសង្គម ឬក៏តាមសារព័ត៌មានផ្សេងៗ អ្នកខ្លះបានលើកឡើងថា មិនមានផលប៉ះពាល់ទេ ហើយអ្នកខ្លះក៏បាននិយាយថាមានផលប៉ះពាល់ បង្ហាញអំពីខាងសេរី និងកុម្មុយនីស មានន័យថាអ្នកដែលពឹងទៅលើខាងសេរីនោះអត់បានគិតពីសមត្ថភាពខ្លួនឯង មិនបានគិតពីលទ្ធភាពខ្លួនឯងដែលធ្វើឲ្យខ្លួនឯងនោះរងគ្រោះ នៅពេលដែលមានបញ្ហាគ្មាននរណាម្នាក់អាចជួយយើងបាននោះទេ។ នៅក្នុងនោះផងដែរ គេបានលើកឡើង ទាក់ទងទៅនឹងមហាអំណាចដូចជាប្រទេសចិនជាដើម ទាក់ទងទៅនឹងខាងកោះតៃវ៉ាន់ ថាតើអ្នកដែលលើកឡើងទាំងអស់នេះ សម្រាប់លោកយល់ឃើញយ៉ាងណាដែ រសម្រាប់ទស្សនៈដែលអាចថាជាសញ្ញាមួយដែលរុស្ស៊ីអាចយកអ៊ុយក្រែនបាន ហើយទទួលបានផលល្អ ជាសញ្ញាញបញ្ជាក់ថា មហាអំណាចយក្សចិនក៏អាចធ្វើទៅលើកោះតៃវ៉ាន់បែបនោះបានដែរ ឬ យ៉ាងណា ថាតើលោកយល់ឃើញយ៉ាងណាដែរ?

ខ្ញុំយល់ឃើញថា ករណីពីរនេះគឺជាករណីផ្សេងគ្នា ករណីដែលយើងបានឃើញគឺរុស្ស៊ីបានលើកទ័ពវាយបំពាន ឬក៏ឈ្លានពានទៅលើប្រទេសដែលមានអធិបតេយ្យភាពមួយ ដោយឡែកករណីចិនជាមួយនឹងកោះតៃវ៉ាន់គឺជារឿងមួយផ្សេងទៀត ដែលកោះតៃវ៉ាន់មិនទាន់ត្រូវបានគេទទួលស្គាល់ថា ជារដ្ឋអធិបតេយ្យភាពនោះទេ ហើយមានប្រទេសមួយចំនួនធំនៅលើពិភពលោក បានសម្ដែងការគាំទ្រចំពោះភាគីចិនជាពិសេសគោលការណ៍ចិនតែមួយ ដោយគេយល់ឃើញថា តៃវ៉ាន់គឺជាទឹកដីផ្នែកមួយរបស់ប្រទេសចិន យ៉ាងណាក៏យើងពិបាកនឹងសន្និដ្ឋានថា តើសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី មិនមែនជាឧទាហរណ៍មួយសម្រាប់ចិនចំពោះតៃវ៉ាន់នោះទេ។ យើងត្រូវមើលទៅលើទិដ្ឋភាពមួយទៀត ទៅលើការប្ដេជ្ញាចិត្តផ្នែកយោធារបស់អាមេរិក ដោយសារតែអាមេរិកទើបតែដកទ័ពចេញពីអាហ្វហ្គានីស្ថាន ហើយពុំ​មានជេតនាចង់ជាប់ជើង ជាមួយនឹងស្ថានភាពនៅអ៊ុយក្រែន ដែរអុយក្រែនមិនទាន់ជាសមាជិតអង្គការណាតូ អញ្ចឹងខ្ញុំមើលឃើញថា វាអាស្រ័យទៅលើស្ថានភាពជាក់ស្តែង ហើយនិងការប្ដេជ្ញាចិត្តផ្នែកយោធាអាមេរិកនៅលើកោះតៃវ៉ាន់។

សំនួរ៖ យើងឃើញថា កាលពីពេលថ្មីៗនេះ គឺប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានថ្លែងសារ ក៏ដូចជាលិខិតគាំទ្រជាមួយ នឹងអង្គការសហប្រជាជាតិ ដែលកាត់ទាក់ទៅនិងដំណោះស្រាយផ្សេងៗ ក្នុងនោះគឺមានមានខ្លឹមសារមួយចំនួនធំទាក់ទងទៅនឹងដំណោះស្រាយធ្វើយ៉ាងណាឱ្យរុស្ស៊ី ដកទ័ពចេញពីប្រទេសអ៊ុយក្រែន អញ្ចឹងសម្រាប់ការគាំទ្រនេះ លោក អំ សុជាតិយល់ឃើញយ៉ាងណាដែរ ហើយទីពីរសម្រាប់ការគាំទ្រនេះ យើងឃើញថាមានបណ្ដាលប្រទេសជាច្រើនជាង ១០០ ប្រទេសមានការគាំទ្រ ទៅលើលិខិតផ្លូវការរបស់អង្គការសហប្រជាជាតិនេះ នៅក្នុងនោះក៏មានប្រទេសមួយចំនួនមិនគាំទ្រផងដែរ។ មហាអំណាចយក្សចិនក៏មានការ មិនគាំទ្រនៅការថ្លែងក៏ដូចជាលិខិតផ្លូវការរបស់អង្គការសហប្រជាជាតិ ដោយឡែកកម្ពុជាមានការគាំទ្រ តើចំណុចទាំងនេះលោកយល់ឃើញយ៉ាងណា តើកម្ពុជាអាចមានផលប៉ះពាល់រវាងទំនាក់ទំនងជាមួយនឹងចិនដែរឬទេ។ ប្រសិនបើប្រទេសចិនមានការបដិសេធ ហើយកម្ពុជាជាអ្នកគាំទ្រនោះ?

ខ្ញុំសូមជម្រាបជូនថា មកទល់ពេលនេះថ្នាក់ដឹកនាំកម្ពុជាមិនដែលបានប្រកាន់ជំហរគាំទ្រ លោកខាងលិចចំពោះការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនោះទេ។ ប៉ុន្តែថ្នាក់ដឹកនាំរបស់កម្ពុជា បានបោះឆ្នោតគាំទ្រនូវសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិជា resolution number ដែលស្ដីពីការឈ្លានពានលើអ៊ុយក្រែន សេចក្តីសម្រេចនេះ ក៏មិនបានគាំទ្រឲ្យលោកខាងលិច ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីនោះដែរ យោងតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ មានតែទណ្ឌកម្មដែលសម្រេចដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែប៉ុណ្ណោះ ទើបជាទណ្ឌកម្មស្របច្បាប់ ប៉ុន្តែមានទណ្ឌកម្មមិនស្របច្បាប់ជាច្រើន ប្រឆាំងនឹងរុស្ស៊ីដោយសារតែមានភាពជាប់គាំងរបស់ក្រុមប្រឹក្សាអង្គការសន្តិសុខសហប្រជាជាតិ នៅក្នុងការចេញសេចក្តីសម្រេចនានារបស់ខ្លួន ពីព្រោះរុស្ស៊ីគឺជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខនេះ ហើយមានភាគីចិនមួយទៀត ដែលតែងតែបោះឆ្នោតប្រឆាំងទៅនឹងសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សានេះ។ ចំពោះការគាំទ្ររបស់កម្ពុជាទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ខ្ញុំយល់ឃើញថា ផលប៉ះពាល់ដែលអាចកើតមានរវាងទំនាក់ទំនងរវាងកម្ពុជានិងចិន មិនមានអ្វីជាដុំនោះទេ ដោយសារករណីនេះគឺកើតឡើង រវាងប្រទេសមហាអំណាចនិងប្រទេសនៅខាងប៉ែកអឺរ៉ុប ចំណែកឯទំនាក់ទំនងកម្ពុជានិងចិន ទៅលើវិស័យផ្សេងៗក្នុងទម្រង់ជាទ្វេភាគីគឺបានប្រព្រឹត្តទៅដោយរលូន ហើយខ្ញុំយល់ឃើញថា ទំនាក់ទំនងនេះនឹងនៅតែបន្តបែបនេះ ទោះបីថាកម្ពុជាបានបង្ហាញជំហររបស់ខ្លួន មិនគាំទ្រនិងសកម្មភាពឈ្លានពានរបស់រុស្ស៊ីក៏ដោយ៕

***********

វាគ្មិន៖ លោកបណ្ឌិត អំ សុជាតិ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner