អ្នកការទូតកំពូលរបស់សហភាព អឺរ៉ុប ថា លោក ពូទីន អាចនឹងពង្រីកសកម្មភាពយោធាចូលទៅក្នុងប្រទេសណាតូ
ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសេប បូរ៉េល (Josep Borrell) បានប្រាប់ទូរទស្សន៍ CNN តួកគី នៅខាងក្រៅវេទិកាការទូត Antalya ថា អឺរ៉ុបកំពុងតស៊ូរវាងបំណងប្រាថ្នារបស់ខ្លួន ក្នុងការគាំទ្រអ៊ុយក្រែន ចំពេលមានការវាយលុករបស់រុស្ស៊ីដែលកំពុងបន្ត និងការភ័យខ្លាចថា សង្រ្គាមអាចរីករាលដាលដល់ប្រទេសដទៃទៀត។
លោក ចូសេប បូរ៉េល បាននិយាយដូច្នេះថា អ្នករាល់គ្នាកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពពិបាក… យើងកំពុងព្យាយាមគាំទ្រអ៊ុយក្រែន ហើយម្យ៉ាងវិញទៀត យើងក៏កំពុងព្យាយាមការពារសង្រ្គាមធំជាងនេះដែរ។ អ្នកការទូតកំពូលអឺរ៉ុបរូបនេះក៏បានចោទប្រកាន់ផងដែរថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងពង្រីកសកម្មភាពយោធារបស់គាត់លើសពីអ៊ុយក្រែន ដោយពន្យល់ថា គ្មាននរណាម្នាក់គួរផ្តល់លេសដល់មេដឹកនាំរុស្ស៊ីដើម្បីធ្វើដូច្នេះទេ។
លោក បូរ៉េល ក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់ប្លុកនេះសម្រាប់អ៊ុយក្រែន ដោយអះអាងថា សហភាពអឺរ៉ុបបានឆ្លើយតបជាវិជ្ជមាន ចំពោះការចង់បានសមាជិកភាពរបស់ទីក្រុងកៀវ។
ជាការឆ្លើយតបនោះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ រីយ៉ាបកូវ បានព្រមានប្រទេសលោកខាងលិច ដោយប្រឆាំងនឹងការបញ្ជូនអាវុធដ៏គ្រោះថ្នាក់របស់ខ្លួនទៅឱ្យអ៊ុយក្រែន៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា